Print this page

ចិនបន្តស្វែងយល់បន្ថែមលើផ្នែកសុខភាព និងសុវត្ថិភាពក្នុងវិស័យការងារនៅកម្ពុជា

 ច័ន្ទ, 09 កក្កដា 2018 20:42  |  3568 times

ទីស្ដីការក្រសួង៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យក្រុមគណៈប្រតិភូ នៃអគ្គនាយកផ្នែកសង្គ្រោះបន្ទាន់ និងសុវត្ថិភាពការងារ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ និងស្វែងយល់បន្ថែមអំពីស្ថានភាពសុខភាព និងសុវត្ថិភាព ដែលបានអនុវត្តក្នុងវិស័យការងារនៅកម្ពុជា។

បើតាមប្រសាសន៍របស់ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋាពេទ្យការងារ នៃក្រសួងការងារ បានឱ្យដឹងថា នៅក្នុងជំនួបរវាង ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងក្រុមប្រតិភូនៃអគ្គនាយកផ្នែកសង្គ្រោះបន្ទាន់ និងសុវត្ថិភាពការងារ ប្រទេសចិន នៅពេលនេះគឺភាគីចិនចង់ស្វែងយល់ពីសុខភាព និងសុវត្ថិភាពការងារដែលកំពុងអនុវត្តនៅកម្ពុជា ដើម្បីបន្តបញ្ជូនអ្នកវិនិយោគមកកម្ពុជា និងជួយការពារដល់អ្នកវិនិយោគរបស់ចិននៅកម្ពុជា។ មួយវិញទៀត ចិនចង់ជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខភាព និងសុវត្ថិភាពការងារ ដោយបានអញ្ជើញមន្រ្តីកម្ពុជាឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសចិន ដែលកន្លងមកធ្លាប់បានធ្វើចំនួន២វគ្គរួចមកហើយ នឹងគ្រោងធ្វើនៅអំឡុងខែតុលា ឆ្នាំ២០១៨ ខាងមុខនេះម្តងទៀត។

ឯកឧត្តម ឡេង តុង បានបញ្ជាក់ថា ទាក់ទិននឹងសុវត្ថិភាពការងារនេះ ភាគីចិនផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ បញ្ហាប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាព ខាងការងារនៅកម្ពុជានេះតែម្តង។ ដោយសារអ្នកវិនិយោគចិនកន្លងមកភាគច្រើន វិនិយោគលើវិស័យកាត់ដេរ ប៉ុន្តែបច្ចុប្បន្ននេះ គេឃើញចិនងាកទៅវិនិយោគលើវិស័យសំណង់ច្រើន ដូច្នេះចិនត្រូវការការពារដល់អ្នកវិនិយោគរបស់ខ្លួន ទាំងនិយោជក និងកម្មករនិយោជិត។

ទោះយ៉ាងណា ភាគីទាំងពីរបានឯកភាពគ្នាលើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា បន្ថែមពីគ្នាទៅវិញទៅមកពិសេសលើផ្នែកសុខភាព និងសុវត្ថិភាពការងារនេះ ដើម្បីធ្វើយ៉ាងណាធានាឱ្យបានល្អទាំងកម្មករ និយោជិត និងនិយោជក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កន្លងមកនៅតាមរោងចក្រមួយចំនួន ធ្លាប់មានបញ្ហាប្រឈម ទាក់ទិនទៅនិងការដួលសន្លប់ កម្មករ និយោជិត ប៉ុន្តែរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ការដួលសន្លប់ បានថយចុះច្រើន ដោយសារមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕