Print this page

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី “គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី”

 សុក្រ, 22 មិថុនា 2018 12:04  |  3179 times

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី “គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី” (GIZ, SLSG) នៅប្រទេសកម្ពុជា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា។

មុននឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម អ៊ុំ មាន បានថ្លែងអំណរគុណដល់អង្គការ GIZ ប្រចាំកម្ពុជា ដែលតែងតែមានកិច្ចសហប្រតិបត្តិល្អជាមួយក្រសួងក្នុងការចូលរួមចំណែកលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង ជាពិសេសឯកឧត្តមបានស្វាគមន៍ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី២ នេះ។

ឯកឧត្តមក៏បានស្នើឱ្យភាគីហត្ថលេខីបន្តខិតខំអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ សូមបញ្ជាក់ថា ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ GIZ ប្រចាំកម្ពុជា ស្ដីពីការអនុវត្តកម្មវិធី “គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី” (GIZ, SLSG) នៅប្រទេសកម្ពុជា បានម្តងរួចហើយដែលលើកទី១ ត្រូវបានបញ្ចប់កាលពីដើមខែឆ្នាំ២០១៨ នេះ។

ថ្ងៃនេះ គឺជាការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី២ សម្រាប់ដំណាក់កាលទី១ ក្នុងគោលបំណងបន្តជួយពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេសពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។