Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក Naoto Miyako នាយកប្រតិបត្តិនៃសាជីវកម្មសុខាភិបាល AIYUUKAI Medical Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ច័ន្ទ, 02 មេសា 2018 15:18  |  3262 times

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Naoto Miyako នាយកប្រតិបត្តិនៃសាជីវកម្មសុខាភិបាល AIYUUKAI Medical Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនាឱកាសនេះ លោក Naoto Miyako បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីភាពរីកចម្រើនរបស់សាជីវកម្មសុខាភិបាល AIYUUKAI ដែលមានរហូតទៅដល់ ១០ទីតាំង នៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុន។ លោក Naoto Miyako បានបន្ថែមថា សាជីវកម្ម AIYUUKAI គ្រោងចុះMOUជាមួយក្រុមហ៊ុនដៃគូរនៅកម្ពុជា HN World Corporation Co., Ltd ដែលបានចុះបញ្ជីរួចហើយជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន ដែលការបញ្ជូននេះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនេះ ភាគីជប៉ុនបានបន្តបញ្ជាក់ជូនថា ដោយមើលឃើញពីតម្រូវការទីផ្សារ សមត្ថភាព ការយកចិត្តទុកដាក់ សុជីវធម៌ ភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់របស់កម្មសិក្សាការីកម្ពុជា ទើបលោកមានគម្រោងបង្កើតមជ្ឈមណ្ឌលថែទំាមនុស្សចាស់នៅកម្ពុជា និងសហការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជាដើម្បីបំពេញតាមតម្រូវការចាំបាច់។ ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងនូវការស្វាគមន៍ និងកោតសរសើរដល់ភាគីជប៉ុន ដែលមានគម្រោងចុះMOUជាមួយក្រុមហ៊ុនដៃគូរស្របច្បាប់នៅកម្ពុជាដែលបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានបំណងចង់បង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់នៅកម្ពុជា ដែលឯកឧត្តមយល់ឃើញថា វាកំពុងមានតម្រូវការជាចាំបាច់សម្រាប់ការថែទាំសុខភាពដែលមានកម្មវិធីច្បាស់លាស់ ដើម្បីទទួលបានសុខភាពល្អ និងអាយុវែងដូចប្រជាជនជប៉ុន ជាពិសេសវាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនាពេលកន្លងទៅស្តីពីការថែទាំមនុស្សចាស់។