Print this page

កម្ពុជារៀបចំកិច្ចប្រជុំ លើកទី១៩របស់ គណៈកម្មការសម្របសម្រួលអាស៊ានអូស្ហណេត

 ច័ន្ទ, 02 មេសា 2018 12:20  |  3573 times

(សៀមរាប)÷ កិច្ចប្រជុំប្រចាំលើកទី១៩ របស់គណៈកម្មការសម្របសម្រួលអាស៊ានអូស្ហណេត និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានបើកកិច្ចប្រជុំ នាព្រឹក ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីបើកកិច្ចប្រជុំដោយ ឯកឧត្ដមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅ សណ្ឋាគារEmpress Angkor Resort & Spa ។

ឯកឧត្ដមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ មានប្រសាសន៍ថា កិច្ចប្រជុំអាស៊ានអូស្ហណេត បានបន្តដើរតួនាទីជាវេទិកាបើកចំហសម្រាប់ការពិភាក្សា ការផ្លាស់ប្ដូរនូវបទពិសោធន៍ និងការអនុវត្តល្អៗស្តីពីសុខភាព និងសុវត្ថិភាពការងារ នៅក្នុងបណ្តាប្រទេសដែលជាសមាជិកអាស៊ានអូស្ហណេត និងអង្គការដៃគូខាងក្រៅផ្សេងទៀត។ កិច្ចប្រជុំបានពុះពារទៅមុខ ដើម្បីធ្វើឱ្យកាន់ប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការនៅក្នុងតំបន់អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានចែករំលែក អំពីវឌ្ឍនភាពចុងក្រោយទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ (OSH) ។ ដោយសង្ខេប សុខភាព និងសុវត្ថិភាពការងារ ត្រូវរំលេចនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាវ: ឆ្នាំ ២០១៤-២០១៨ គោលនយោបា យជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដើម្បីធានាថាកន្លែងធ្វើការមានសុខភាព និងសុវត្ថិភាព និងការគាំពារសង្គមដល់កម្មករនិយោជិតទាំងអស់ក្នុងប្រទេសកម្ពុជា។

ជាងនេះទៅទៀត នាយកដ្ឋានពេទ្យការងារ គឺជានាយកដ្ឋានគន្លឹះមួយ ដើម្បីជួយជំរុញ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិនានាឱ្យទទួលបានជោគជ័យតាមរយៈការរៀបចំផែនការមេលើកទី២ស្តីពីសុខភាព និងសុវត្ថិភាពការងារ គោលការណ៍ណែនាំ កម្មវិធីបណ្តុះបណ្តាលដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០០៩ ប្រទេសកម្ពុជាធ្លាប់បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ានអូស្ហណេតលើកទី១០ ប្រកបដោយជោគជ័យ និងត្រូវបានជ្រើសរើសឱ្យទទួលបន្ទុកក្នុងការសម្របសម្រួលលើសកម្មភាពសុខភាព និងសុវត្ថិភាពការងារនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម និងកន្លែងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កិច្ចប្រជុុំគណៈកម្មការសម្របសម្រួល នៃអាស៊ានអូស្ហណេត គឺជាកិច្ចប្រជុំប្រចាំឆ្នាំដែលត្រូវបានរៀបចំ ដោយសមាជិករបស់អាស៊ានអូស្ហណេត ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវស្ថានភាពបច្ចុប្បន្ន នៃគំនិតផ្តួចផ្តើមរបស់បណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ានដែលផ្តោតទៅលើចំណុចសំខាន់ៗ រួមមាន ការបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវ ស្ដង់ដារ អធិការកិច្ចការងារ ព័ត៌មាន ក្របខ័ណ្ឌសុខភាព និងសុវត្ថិភាពការងារជាតិ សហគ្រាសធុនតូច និងមធ្យម និងកន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចមានកំណត់នៅក្នុងផែនការសកម្មភាពការងាររបស់អាស៊ានអូស្ហណេតឆ្នាំ២០១៦-២០២០។