Print this page

ឯកឧត្តមបណ្ឌិត​​អញ្ជើញ​ចូល​រួម​ជា​សហ​ប្រធាន កម្ម​វិធី​រួម​គ្នា​របស់​អង្គការ​សហ​ប្រជា​ជាតិ “រួមគ្នា​ដើម្បី​មុខ​របរ និង​ការងា​ររបស់​យុវជន​នៅកម្ពុជា”

 ច័ន្ទ, 19 កុម្ភៈ 2018 10:27  |  4217 times

            ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាសហប្រធានជាមួយ លោកស្រី Claire Van der Vaeren (ក្លែ វ៉ាន់ ដឺ វែរ៉ែន) ក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា” នៅ សណ្ឋាគារ រ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

            ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា កម្មវិធីរួមគ្នារបស់អង្គការសប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា” នេះ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ និងបានដាក់សម្ភោធក្នុងខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ដំណាក់កាលដំបូងរយៈពេល ២ឆ្នាំ ក្រោមកិច្ចសហការរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា និងភ្នាក់ងារចំនួន០៥ របស់អង្គការសហប្រជាជាតិដែលជាដៃគូដ៏សំខាន់ផ្សេងទៀត រួមមាន៖ អង្គការ ILO, អង្គការ UNDP, អង្គការ UNICEF, អង្គការ UNESCO, និងអង្គការ UNV។ គួររំលឹកផងដែរថា កម្មវិធីរួមគ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យយុវជន និងស្រ្តីវ័យក្មេង ទទួលបានឱកាសការងារសមរម្យប្រកបដោយផលិតភាពខ្ពស់ ឱ្យបានកាន់តែច្រើនឡើង ហើយអ្វីដែលជាលទ្ធផលរំពឹងនោះគឺ៖

            ១). យុវជន និងស្រ្តីវ័យក្មេងនឹងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងតាមការស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវ: និងបច្ចេកទេស។

            ២). យុវជន និងស្រ្តីវ័យក្មេងទាំងក្នុង និងក្រៅសាលាបានទទួលជំនាញអាជីវកម្ម និងសហគ្រាសគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។ ៣). យុវជន និងស្រ្តីវ័យក្មេងបានទទួលអត្ថប្រយោជន៏ដែលកើតចេញពីហានិភ័យនៃការរំលោភបំពាន និងការរើសអើងនៅកន្លែងការងារ។