Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ជំនួបជាមួយតំណាងក្រុមហ៊ុន Sun Food International Co.,Ltd ក្នុងខេត្តសារ៉ាក់បុរី ប្រទេសថៃឡង់ដ៍

 ពុធ, 24 មករា 2018 19:17  |  3869 times

នៅថ្ងៃពុធ ៨កើត ខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជួបតំណាងក្រុមហ៊ុន Sun Food International Co.,Ltd ក្នុងខេត្តសារ៉ាក់បុរី ប្រទេសថៃ ដែលមានពលករកម្ពុជាធ្វើការនៅទីនោះចំនួន១,៧៣០នាក់។ តំណាងភាគីក្រុមហ៊ុនបានលើកឡើងថានេះជាកិត្តិយសសម្រាប់ក្រុមហ៊ុនដែលបានរៀបចំស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងគណៈប្រតិភូ ក្នុងការអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងពលករកម្ពុជាដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនពេលនេះ។ ។

ភាគីក្រុមហ៊ុនបានលើកឡើងថា ៥ឆ្នាំមុនក្រុមហ៊ុនទទួលពលករបរទេសអោយធ្វើការចំនួន២០០នាក់ សម្រាប់បច្ចុប្បន្នក្រុមហ៊ុនមានពលករបរទេសជាង១,៩០០នាក់ ក្នុងនោះមានពលករថៃ ឡាវ និងកម្ពុជា ក្នុងចំណោមនោះពលករកម្ពុជាមានចំនួនច្រើនជាងគេប្រមាណ១,៧៣០នាក់។តំណាងក្រុមហ៊ុនបានឲ្យដឹងថា លក្ខខណ្ឌដែលក្រុមហ៊ុនទទួលពលករកម្ពុជាអោយចូលធ្វើការច្រើនជាងគេ ដោយសារពលករកម្ពុជាមានលក្ខណៈសម្បត្តិល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ ហើយពួកគេបានបង្រៀនភាសាខ្មែរដល់ខាងក្រុមហ៊ុនផងដែរ ។

ជាការវាយតម្លៃក្រុមហ៊ុនពិតជាមានការពេញចិត្តចំពោះឥរិយាបថរបស់ពលករកម្ពុជាដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការជម្រុញចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអោយមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា ពិសេសបានធ្វើបទបង្ហាញ ជុំវិញដំណើរវិវឌ្ឍរបស់ក្រុមហ៊ុន Sun Food International Co.,Ltd ហើយនេះជាលើកទីមួយហើយដែលឯកឧត្តមបានដឹកនាំគណប្រតិភូមកដល់ទីនេះ ពិសេសបានដឹងអំពីសុខទុក្ខពលករកម្ពុជាដែលកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុន ក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន។

ជាមួយគ្នានោះឯកឧត្តមបានកត់សំគាល់ឃើញថាខេត្ត សារ៉ាក់បុរី ពិតជាខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ពិសេសបានទាក់ទាញអ្នកវិនិយោគជាច្រើនអោយមកបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងខេត្តមួយនេះ។ បន្ទាប់ពីការបានឃើញពីការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន ឯកឧត្តមបានកោតសរសើរចំពោះក្រុមហ៊ុនដែលបានរៀបចំលក្ខខណ្ឌការងារល្អប្រសើរ មានបទដ្ឋានខ្ពស់ មានកន្លែងអនាម័យប្រកបដោយស្តង់ដា ដែលនេះជាការយកចិត្តទុកដាក់ ចំពោះពលករបរទេសដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន។ ការយកចិត្តទុកដាក់ ពីសំណាក់ក្រុមហ៊ុនថៃចំពោះពលករកម្ពុជានេះ គឺក្រោយពី រាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ថៃបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ក្នុងឆ្នាំ២០១៣ និងចុះMOU ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៥។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទីពីរដែលមានពលករកំពុងធ្វើការនៅប្រទេសថៃចំនួន១លាន៥ម៉ឺននាក់ នាក់បន្ទាប់ពីភូមា បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយរដ្ឋាភិបាលថៃដើម្បីផ្តល់ឯកសាស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃផងដែរ៕