Print this page

ឯក​ឧត្តម​បណ្ឌិត​រដ្ឋ​មន្រ្តី អញ្ជើញ​ជា​​អធិបតី​​បើក​វគ្គ​បណ្តុះ​បណ្តាល​ ស្តីពី “មូលដ្ឋានគ្រឹះ និង​សុវត្ថិភាព​ឡ​ចំហាយ”

 ច័ន្ទ, 11 ធ្នូ 2017 10:25  |  4132 times

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃច័ន្ទ ០៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស.២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី នាឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី “មូលដ្ឋានគ្រឹះ និងសុវត្ថិភាពឡចំហាយ” ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ ក្រោមកិច្ចសហការជាមួយនាយកដ្ឋានសុខភាព និងសុវត្ថិភាការងារ នៃក្រសួងការងារប្រទេសសឹង្ហបូរី ក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹង អំពីគោលការណ៍សុវត្ថិភាពក្នុងការគ្រប់គ្រងប្រព័ន្ធឡចំហាយ និងពង្រឹងសមត្ថភាពសិក្ខាកាម ដើម្បីកំណត់ពីចំណុចសុវត្ថិភាពក្នុងការប្រតិបត្តិការ និងការគ្រប់គ្រងប្រព័ន្ធឡចំហាយ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៏ថា វគ្គបណ្តុះបណ្តាល នេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងរួមចំណែកដល់វឌ្ឍនភាព វិស័យសុខភាព និងសុវត្ថិភាពការងារនៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលានូវតម្រូវការរបស់ប្រទេសកម្ពុជាដើម្បីយល់ដឹង និងដោះស្រាយរួមគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធឡចំហាយនៅក្នុងសហគ្រាស គ្រឹះស្ថានប្រកបដោយសុវត្ថិភាព និងបញ្ឈប់គ្រោះថ្នាក់កុំឱ្យកើតឡើងសារជាថ្មី ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលតែងតែលើកឡើងថា “ទីណាមានទុក្ខលំបាករបស់បងកម្មករនិយោជិត ទីនោះគឺមានសម្តេចតេជោ” នោះគឺយើងទាំងអស់ដែលរួមចំណែកយ៉ាងសំខាន់ ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារដល់ កម្មករនិយោជិតគ្រប់រូប។

ជាការពិតណាស់ ប្រព័ន្ធឡចំហាយ ជាផ្នែកមួយនៅក្នុងសង្វាក់ផលិតកម្មរោងចក្រ កាត់ដេរសម្លៀកបំពាក់ និងសហគ្រាស គ្រឹះស្ថានដ៏ទៃទៀត តែវាក៏បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្មករនិយោជិត និងបណ្តាលឱ្យខូចខាតដល់ផលិតកម្មនៅក្នុងសហគ្រាស គ្រឹះស្ថានផងដែរ ប្រសិនបើការតម្លើង និងគ្រប់គ្រងប្រព័ន្ធឡចំហាយនោះពុំបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសុវត្ថិភាពដែលកន្លងមកមានករណីផ្ទុះឡចំហាយចំនួន ០៤ករណីហើយដែលបានកើតឡើងនៅក្នុងសហគ្រាស គ្រឹះស្ថាន និងបណ្តាលឱ្យកម្មករនិយោជិតបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលជាច្រើននាក់។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់វិធានការដោយដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីការប្រតិបត្តិការប្រព័ន្ធឡចំហាយឱ្យមានសុវត្ថិភាពដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបានរៀបចំបែបបទផាកពិន័យទៅលើសហគ្រាស គ្រឹះស្ថានណាដែលមិនអនុវត្តត្រឹមត្រូវតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ ព្រមទាំងជម្រុញកិច្ចសហការជាមួយស្ថាប័នក្រសួងពាក់ព័ន្ធដើម្បីត្រួតពិនិត្យការប្រើប្រាស់ប្រព័ន្ធឡចំហាយឱ្យមានសុវត្ថិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យសិក្ខាកាមទាំងអស់ និងស្ថាប័នក្រសួងពាក់ព័ន្ធ

- ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក

- ចែករំលែកការយល់ដឹងទៅដល់មន្ត្រី និងសហការីផ្សេងទៀត

- រៀបចំជាបណ្តាញការងារដើម្បីផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញមក ជាពិសេសជាមួយស្ថាប័នក្រសួងពាក់ព័ន្ធ

- ពង្រឹងអធិការកិច្ចរួមគ្នាជាមួយស្ថាប័នក្រសួងពាក់ព័ន្ធក្នុងត្រួតពិនិត្យប្រព័ន្ធឡចំហាយ

- រៀបចំបង្កើតគោលការណ៍ណែនាំស្តីពីសុវត្ថិភាពក្នុងការប្រើប្រាស់ឡចំហាយក្នុងសហគ្រាស គ្រឹះស្ថានដោយសហការជាមួយស្ថាប័ន និងអង្គការដៃគូរពាក់ព័ន្ធ

- ជំរុញសកម្មភាពផ្សព្វផ្សាយ អំពីសុវត្ថិភាពនៃការប្រើប្រាស់ឡចំហាយនៅក្នុងសហគ្រាស គ្រឹះស្ថានតាមរយៈការបញ្ចូលនៅក្នុងកម្មវិធីបណ្តុះបណ្តាល និងការផលិតជាខិតប័ណ្ណណែនាំផ្សេងៗ។