(សៀមរាប)៖ នៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដំណាក់កាលទី២ ឆ្នាំ២០២៥-២០២៨ ដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ ក្នុងនោះ គណៈប្រតិភូថៃ ដឹកនាំដោយ លោកជំទាវ ចាទូព័ន្ធ រ៉ូចានាផានិច (Jatuporn Rojanaparnich) អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សនៃព្រះរាជាណាចក្រថៃឡង់ដ៍។ សមាសភាពគណៈប្រតិភូថៃរួមមាន តំណាងក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស, ក្រសួងការងារ ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ), អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)។ ចំណែកសមាសភាពគណៈប្រតិភូកម្ពុជា មកពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម), អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។ ភាគីទាំងពីរបានពិភាក្សាការងារដោយផ្តោតទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តអនុស្សរណៈនៃយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ផ្ដោតលើគោលដៅសំខាន់ៗមួយចំនួន ដូចជា៖ ១. យន្តការប្រតិបត្តិផែនការសកម្មភាព សម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ២. ការវិភាគស្ថានភាព និងការវាយតម្លៃអំពីតម្រូវការចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ៣. ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិធានការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស។ ៤. បន្ដការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ ការលើកកម្ពស់សិទ្ធិ ការធ្វើមាតុភូមិនិវត្តន៍និងការធ្វើសមាហរណកម្មឡើងវិញ នៃជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ ៥. បន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបអំពើជួញដូរមនុស្ស។ #MLVT #HENGSour |