(ភ្នំពេញ)៖ គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដែលជាយន្តការត្រីភាគីថ្នាក់ជាតិមួយ បានបើកកិច្ចប្រជុំពិនិត្យនិងតាមដានវឌ្ឍនភាពការងាររបស់ខ្លួននារសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយមានការចូលរួមពីសមាសភាពត្រីភាគី រួមមាន តំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការនគរបាលជាតិ សមាគមនិយោជក និងសហជីព ជាសមាជិកគណៈកម្មការ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងយន្តការត្រីភាគី ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារនៅកម្ពុជា៕
|