Print this page

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេស

 សុក្រ, 07 មិថុនា 2024 17:29  |  697 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MOHAMMED ABDUL HYE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបង់ក្លាដេស នៅរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ គឺមុនពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបញ្ចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា។ 

 

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាស្តីពីអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសដែលបានសហការជាមួយគ្នាកន្លងមកដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា និងបង់ក្លាដេសនឹងអាចបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

 

#MLVT #HENGSour