Print this page

ការរៀបចំសេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន

 ច័ន្ទ, 20 មិថុនា 2022 17:23  |  3491 times

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាឧត្តមមន្ត្រីការងារកម្ពុជា បានធ្វើជាសហប្រធានជាមួយឧត្តមមន្ត្រីការងារឥណ្ឌូណេស៊ី ដឹកនាំកិច្ចប្រជុំពិសេស​តាមរយៈប្រព័ន្ធអនឡាញ របស់ឧត្តមមន្ត្រីការងារអាស៊ាន ស្តីពីការរៀបចំសេចក្តីព្រាង "សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន"។ 

 

កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីការងារនៃរដ្ឋសមាជិកអាស៊ានទាំង​១០ លេខាធិការដ្ឋានអាស៊ាន ឯកឧត្តម ថោង សុជាតិ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី, និងលោកបណ្ឌិត អៃ សុងហ៊ាង តំណាងក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះមាន គោលបំណងពិនិត្យ និងពិភាក្សាចុងក្រោយ​លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍​របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ដែលជាគំនិតផ្តួចផ្តើម និងធ្វើសេចក្តីព្រាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ។ 

 

ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពជាឯកច្ឆន្ទលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះ ដែលនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើក​ទី២៧ នៅក្នុងខែសីហា ឆ្នាំ២០២២ ពិនិត្យ មុននឹងដាក់ជូនថ្នាក់ដឹកនាំកំពូលអាស៊ានពិនិត្យ និងអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស។ ការជំរុញមានការធ្វើចល័តភាពនៃអត្ថប្រយោជន៍សន្តិសុខសង្គមនៅក្នុងអាស៊ានគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងាររបស់រាជរដ្ឋាភិបាល និងអានុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។