(ភ្នំពេញ)៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អុិត សំហេង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើក “វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាព ក្រោមឱវាទក្រសួង” ដែលរៀបចំឡើងដោយ ក្រុមការងារយេនឌ័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះ លោកជំទាវ ស៊ើង សរសុចិត្តា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភានេះ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសារៈសំខាន់របស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ជាក់ស្តែងរាជរដ្ឋាភិបាលមាន “ យុទ្ធសាស្រ្តចតុកោណ ” ដែលបានកំណត់នូវគោលដៅនៃការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ជូនពលករកម្ពុជាឲ្យបាន ពេញលេញការលើកស្ទួយ សមធម៌ និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងវិស័យមុខងារសាធារណៈ។ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តនេះក៏បានគូសបញ្ជាក់ច្បាស់ថា “ ស្រ្តីគឺជាឆ្អឹងខ្នង ” នៃសេដ្ឋកិច្ច និងសង្គមជាតិយើង។
តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើអោយមាន សមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធ និង ឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបាន ធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីអោយស្ត្រី អាចជៀសផុតពីអំពើហឹង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ដ៏ទៃទៀតនៃអំពើហឹង្សា។ ចំណែកដ៏សំខាន់មួយទៀតក្នុងកិច្ចការនេះ គឺការយកចិត្តទុកដាក់បង្កើនសមមាត្រនៃ ការចូលរួមរបស់ស្រ្តីអោយបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិតតាំងពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន។
លោកជំទាវរដ្ឋលេខាធិការ លើកឡើងថា ជាការពិត ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រជាការងារមួយចាំបាច់ដែល ទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែងវគ្គបណ្តុះបណ្តាលរយៈពេល ០៣ ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ច្បាស់ពី អនុសាសន៍ទាំង១២ចំណុចរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានកិតិ្តយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានដាក់ចេញនៅក្នុងអំឡុងពេល កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០-២០២១ និងលើកទិសដៅសកម្មភាព ការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អនុសាសន៍ ០៦ចំណុច របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គោលគំនិតនៃការបញ្ជ្រាបយេនឌ័រ ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ភាពជាដៃគូក្នុងការលើកកម្ពស់សមភាពយេនឌ័រ របកគំហើញ និងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ និង គោលការណ៍បំលាស់ប្តូរយេនឌ័រ និងបរិយាប័នពិការភាព ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឲ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដប្រកបដោយប្រសិទ្ធភាព៕