Print this page

រង់ចាំអីទៀត! ដាក់ពាក្យភ្លាម សម្ភាសភ្លាមជាមួយនឹងឱកាសការងារជាង ២០០កន្លែង នាថ្ងៃស្អែកនេះ

 អង្គារ, 17 ឧសភា 2022 11:32  |  5502 times

ថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗចំនួនពីរគឺ ម៉ាស្ទ័រ ស៊ុគីស៊ុប និងធនាគារឯកទេស AEON នឹងផ្តល់ឱកាសការងារចំនួន ២៤៤កន្លែង ក្នុងកម្មវិធី៖ “កិច្ចសម្ភាសប្រចាំខែ” របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាង​ក្រុមហ៊ុនទាំងពីរនោះបាន ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

 

លោក ឆោម សុខឿន ប្រធានស្តីទីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ​បានលើកឡើងថាកិច្ចសម្ភាសការងារនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ការងារជាច្រើនរបស់ NEA។ កិច្ចសម្ភាសនេះ គឺមានលក្ខណៈខុសគ្នាពីវេទិកាការងារបន្តិច ខុសគ្នាដ្បិត​យើងមិនតម្រូវឲ្យមានក្រុមហ៊ុនច្រើនចូលរួមច្រើនពេកនោះទេ ពោលគឺយើងយកតែ១ទៅ២ក្រុមហ៊ុនឲ្យចូលរួមតែប៉ុណ្ណោះ។ អ្នកស្វែងរកការងារធ្វើ គ្រាន់តែកាន់ប្រវត្តិរូប (CV) របស់ពួកគាត់ចូលទៅជួបតំណាងក្រុមហ៊ុនដែលកំពុងរង់ចាំ រួចហើយសម្ភាសបានភ្លាមៗតែម្តង។

 

កិច្ចសម្ភាសការងារប្រចាំខែនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវ​វិធានការណ៍អនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស​រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

 

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕