Print this page

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ចល័ត និងមជ្ឈមណ្ឌលការងារខេត្ត សហព័ន្ធយុវជនកម្ពុជាខេត្ត នាំយកសេវាការងារ និងការប្រឹក្សាយោបល់អំពីអាជីព ជូនដល់ប្អូនៗយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើនៅក្នុងខេត្តស្ទឹងត្រែង

 ព្រហស្បតិ៍, 27 មករា 2022 21:44  |  4515 times

ស្ទឹងត្រែង៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានសហការជាមួយមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង ដោយនាំយកសេវាការងារ និងការប្រឹក្សាយោបល់អំពីអាជីព ជូនដល់ប្អូនៗយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងខេត្តស្ទឹងត្រែង។​ 

យុវជនអ្នកស្វែងរកការងារ ជាពិសេសប្អូនៗដែលទើបប្រលងចប់មធ្យមសិក្សាទុតិយភូមិ អាចមកទទួលយកសេវាប្រឹក្សាយោបល់អំពីការងារ​ និងអាជីព ដើម្បីដឹងថាជំនាញណាដែលខ្លួនគួរបន្តសិក្សានាពេលអនាគត ដែលសក្តិសមទៅនឹងចំនង់ចំណូលចិត្ត​ សមត្ថភាព ទេពកោសល្យ និងបុគ្គលិកលក្ខណៈរៀងៗខ្លួន តាមរយៈសៀវភៅកម្រងសំណួរ​ស្វែងយល់​ពីខ្លួនឯង​ ដែល NEA បានរៀបចំរួចជាស្រេច និងដោយឥតគិតកម្រៃ។

  

គួរបញ្ជាក់ផងដែរថា មកដល់ពេលបច្ចុប្បន្ន NEA មាន មជ្ឈមណ្ឌលការងារចល័តនេះចំនួនបី ហើយមជ្ឈមណ្ឌលការងារចល័តនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយសេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ជនគោលដៅរួមមានសិស្ស-និស្សិត អ្នកស្វែងរកការងារ និងយុវជននៅក្នុងប្រទេសកម្ពុជា និងឱ្យពួកគេជួយផ្សព្វផ្សាយសេវាការងារនេះទៅដល់សហគមន៍របស់ពួកគេនៅទូទាំងប្រទេស បន្ថែមលើមជ្ឈមណ្ឌលការងារទាំង១៣ ដែលមានស្រាប់៕