Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR)

 ព្រហស្បតិ៍, 06 ឧសភា 2021 11:58  |  8113 times

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង ៨:០០ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ (Virtual Meeting) ក្នុងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក (TIFA) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងវិស័យការងារនាពេលកន្លងមក។ 

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានលើកទ្បើងអំពីគោលបំណងនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ក្នុងការចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការបង្កើតនិងចុះបញ្ជីសហជីព និងការចូលរួមសកម្មភាពសហជីពដើម្បីសដោះស្រាយវិវាទការងាររួម។ ឯកឧត្តមបានបញ្ជាក់ជូនដំណាង USTR និងបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធដាក់ពាក្យបណ្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីដែលមានការរើសអើងសហជីព ដើម្បីក្រសួងអាចដោះស្រាយបានទាន់ពេលវេលា។ 

ឯកឧត្តមក៏បានបង្ហាញអំពីវឌ្ឍនភាពការងារនានា ពាក់ព័ន្ធនឹងការចុះបញ្ជីអង្គការវិជ្ជាជីវៈ ការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ការចុះធ្វើអធិការកិច្ចការងារក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងការពង្រីកវិសាលភាពអនុវត្តចំពោះរោងចក្រផ្នែកផលិតផលិតផលធ្វើដំណើរនិងកាបូបផងដែរ។ 

បន្ថែមលើនេះ ការលុបបំបាត់ពលកម្មកុមារនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តចុះធ្វើអធិការកិច្ចនិងយុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់នៅពេលកុមារចូលក្នុងកន្លែងការងារ និងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) ក្នុងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក (TIFA) ដោយសហការជាមួយដៃគូពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។