Print this page

ក្រសួងការងារ និងបណ្ដាបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗ នាំយកឱកាសការងារជាង ៣ពាន់កន្លែងដល់អ្នកកំពង់ធំនៅថ្ងៃនេះ

 សុក្រ, 28 សីហា 2020 15:15  |  3064 times

(កំពង់ធំ)៖ ថ្ងៃនេះ ឱកាសការងារចំនួន ៣៣៤៦កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ ត្រូវផ្តល់ជូនដល់សិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងខេត្តកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀតដែលនៅក្បែរៗនេះ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ។ 

វេទិកាការងារនៅក្នុងខេត្តកំពង់ធំនេះរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO)។

ចំពោះក្រុមហ៊ុនធំៗទាំង១០ ដែលបានចូលរួមក្នុងវេទិកាការងារដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ធនាគារកាណាឌីយ៉ាសាខាខេត្តកំពង់ធំ, ក្រុមហ៊ុនធានារ៉ាប់រងហ្វតេខេមបូឌា, អង្គការក្រុមការងារកម្ពុជាសម្រាប់ការអប់រំកម្ពុជា, សុខសាន្តដីឡូតិ៍ និងលំនៅដ្ឋាន, ធនាគារព្រីនស៍, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ, ក្រុមហ៊ុន Thadi , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, មជ្ឈមណ្ឌលយុវជន និងអង្គការ វីអេស អូ (VSO)។ 

គួរជម្រាបជូនផងដែរថា គិតត្រឹមពេលព្រឹកនេះ មានអ្នកចូលរួមដាក់ពាក្យផ្ទាល់នៅក្នុងវេទិការការងារនេះ មានចំនួន ២៨៨នាក់(ស្រី២៣០នាក់)។

ដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំងនេះ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ចាប់ពីម៉ោង៨:០០ព្រឹក-១៦:៣០ល្ងាច។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារខេត្តកំពង់ធំ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០៦២ ២១០ ២៧៧/ ០១៦ ៨៣៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕