Print this page

ក្នុងសប្តាហ៍នេះ រោងចក្រ-សហគ្រាស ចំនួន៧ មានកម្មករនិយោជិត ប្រមាណ៩ពាន់នាក់ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ

 អាទិត្យ, 28 មិថុនា 2020 16:10  |  3342 times

(ភ្នំពេញ-កំពង់ស្ពឺ-កណ្តាល-ពោធិ៍សាត់)៖ នាសប្តាហ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ ដល់រោងចក្រ-សហគ្រាស ចំនួន៧ ក្នុងនោះចំនួន៤រោងចក្រ/សហគ្រាស មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និង៣ទីតាំងរោងចក្រ/សហគ្រាសផ្សេងទៀត ស្ថិតនៅខេត្តកណ្តាល កំពង់ស្ពឺ និងពោធ៌សាត់ដោយមានកម្មករនិយោជិត សរុប ៨,៥៨៥នាក់។  

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកជាប្រក្រតីវិញ។

បើតាមកម្មការិនី ធី ឡែន មានជំនាញខាងផ្នែកដេរ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្រោយពេលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញទន់នេះថា៖ " ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងវគ្គសិក្សាមួយនេះ ព្រោះបានធ្វើអោយខ្ញុំយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃ​ការប្រើប្រាស់ប័ណ្ណប.ស.ស ចេះបង្ការ និងការពារខ្លួនពីរជំងឺ កូវីដ-១៩ មិនតែប៉ុណ្ណោះវគ្គសិក្សានេះ ក៏បានធ្វើខ្ញុំយល់ដឹងពីរបៀបនៃការចរចា ធ្វើការជាក្រុម និងច្បាប់ស្តីពីការងារផងដែរ" ។ 

ជាកម្មកររោងចក្រ ផ្នែកតុកាត់ លោក វន ស៊ីវឹង បានអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ដែលបានរៀបចំ​វគ្គបណ្តុះបណ្តាលនេះឡើង  ធ្វើឲ្យរូបលោកទទួលបាននូវចំណេះដឹងបន្ថែមទៀត សម្រាប់យកទៅប្រើប្រាស់នៅក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀត។

គួរបញ្ជាក់ផងដែរថា ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖

១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចា

២.ការបំពេញការងារជាក្រុម

៣.មូលដ្ឋានច្បាប់ស្ដីពីការងារ

៤.នីតិវិធីដោះស្រាយវិវាទការងារ

៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត

៦.អត្ថប្រយោជន៍ ប.ស.ស

៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19៕