Print this page

សប្តាហ៍នេះ ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់រោងចក្រ-សហគ្រាស ចំនួន៦ មានកម្មករនិយោជិតប្រមាណជិត១ម៉ឺននាក់

 សៅរ៍, 20 មិថុនា 2020 11:44  |  3338 times

(ភ្នំពេញ-កំពង់ស្ពឺ)៖ នាសប្តាហ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ ដល់រោងចក្រ-សហគ្រាស ចំនួន៦ ដោយ៣ទីតាំង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៣ទីតាំងផ្សេងទៀត ស្ថិតនៅក្រុងច្បារមន ស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានកម្មករនិយោជិត សរុបប្រមាណជា៩,៣៨០នាក់។  

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។

ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖

១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចា

២.ការបំពេញការងារជាក្រុម

៣.មូលដ្ឋានច្បាប់ស្ដីពីការងារ

៤.នីតិវិធីដោះស្រាយវិវាទការងារ

៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត

៦.អត្ថប្រយោជន៍ ប.ស.ស

៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19

មានបទពិសោធន៍ជាយូរឆ្នាំមកហើយ ខាងបង្រៀនវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់នេះ លោក ឃីម សុខហេង បច្ចុប្បន្នជានាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ រីករាយក្នុងការចូលរួមចំណែកផ្តល់ជូននូវវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត នៅក្នុងស្ថានភាពកូវីដ-១៩ ក្នុងការរៀបចំខ្លួនរបស់ពួកគេពីការការពារផ្នែកសុខភាព ដោយស្មារតីរឹងមាំ លើកទឹកចិត្តខ្លួនឯង ឲ្យកាន់តែប្រសើរ ក៏ដូចជាត្រៀមខ្លួនស្រេចបាច់ដើម្បីចូលទៅធ្វើការនៅតាមបណ្តារោងចក្រ-សហគ្រាសវិញ ។ គ្រូបណ្តុះបណ្តាលជំនាញទន់ដែលមានឈ្មោះបោះសំលេងរូបនេះ បានបន្តថា៖ «តាមរយៈជំនាញដែលខ្ញុំយកមកចែករំលែកនេះ រួមមាន សិល្បៈប្រាស្រ័យទាក់ទង និងការចរចា ព្រមទាំងការធ្វើការជាក្រុម ដើម្បីឲ្យបងប្អូនកម្មករយើង គាត់ធ្វើការងារជាមួយកម្មករគ្នាឯង ធ្វើការជាមួយសហជីព ជាមួយថៅកែ ឲ្យស៊ីសង្វាក់គ្នា ក្នុងគោលបំណងរីកចម្រើនទៅថ្ងៃអនាគតជាមួយគ្នា»។ 

បើតាមកម្មការិនី កញ្ញា អ៊ុក គនា្ធ បានបង្ហាញនូវការសប្បាយរីករាយក្រៃលែង ដែលខាងក្រសួងការងារ ចុះមក បង្រៀនផ្ទាល់ដល់រោងចក្រ ធ្វើឲ្យប្អូនស្រីទទួលបានចំណេះដឹងបន្ថែមទៀតសម្រាប់យកទៅអនុវត្តកិច្ចការនៅក្នុងរោងចក្រផង និងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងសង្គមក្រុមគ្រួសារផងដែរ៕