Print this page

រដ្ឋមន្រ្តីក្រសួងការងារ ស្នើឱ្យវិស័យឯកជន បន្តយកចិត្តទុកដាក់អនុវត្តវិធានការការពារ ទប់ស្កាត់ កូវីដឱ្យបានជាប់ជាប្រចាំ ដើម្បីសុខភាព និងសុវត្ថិភាពកម្មករ

 ពុធ, 10 មិថុនា 2020 14:12  |  3005 times

ទីស្តីការក្រសួង៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តវិធានការការពារ ទប់ស្កាត់ និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ឱ្យបានជាប់ជាប្រចាំ ដើម្បីសុវត្ថិភាព សុខភាព កម្មករនិយោជិត បើទោះជាស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែវាអាចនឹងប្រឈមនៅរលកទី២ ប្រសិនបើយើងមើលស្រាលស្ថានភាពនៃការរីករាលដាលនេះ។

ការលើកឡើងបែបនេះ នាឱកាសឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(Cambodia Brewery Limited)ដឹកនាំដោយលោក សាមសុន វ៉ុង (Samson Wong) អគ្គនាយកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា  ជម្រាបជូនឯកឧត្តមអំពីវិធានការនៃការការពារ ការរីករាលដាលនៃមេរោគកូវីដ-១៩ និងសមិទ្ធផលការងារដែលក្រុមហ៊ុនសម្រេចបាន ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំបន្ថែម ដើម្បីកែលម្អលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនឱ្យកាន់តែប្រសើរ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វិបត្តិនៃការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ក្នុងនោះរោងចក្រសហគ្រាសមួយចំនួនធំត្រូវបានព្យួរ គ្រឹះស្ថានសិក្សានានា ត្រូវបិទទ្វារទាំងស្រុងទូទាំងប្រទេស និងបង្ករឱ្យមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនទៀត ទាំងនៅកម្ពុជា និងពិភពលោក។ 

លោក សាមសុន វ៉ុង (Samson Wong) អគ្គនាយក នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា  បានជម្រាបជូនឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បច្ចុប្បន្នមានបុគ្គលិកជាង៧០០នាក់ កំពុងបំរើការងារ និងបានបំពេញជាក្រុមហ៊ុនឯកជនដ៏ធំ ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ  ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានចំណាយទុនជាង២០០លានដុល្លារបន្ថែមទៀត។ ចំពោះសកម្មភាពអាជីវកម្មវីញ គឺគោរពតាមស្តង់ដាអន្តរជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការយកចិត្តទុកដាក់ ដោយអនុវត្តគោលការណ៍ សុវត្ថិភាពជាចម្បង។ ដោយមាន និតិវិធី និងច្បាប់ដ៏តឹងរឹង ក្នុងរោងចក្រ ហើយ៣ឆ្នាំចុងក្រោយនេះ មិនដែលមានគ្រោះថ្នាក់ការងារលើបុគ្គលិកណាមួយនោះទេ។

លោកបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការរាតត្បាតកូវីដ១៩នេះ ខាងក្រុមហ៊ុនបានធ្វើការជាមួយអ្នកជំនាញមកពីតំបន់ និងពិភពលោក លើសុវត្ថិភាព សុខភាពការងារ ធ្វើឱ្យការគ្រប់គ្រង ក្នុងគ្រាអាសន្នបានល្អ រួមទាំងការចែករំលែក និងផ្សព្វផ្សាយនូវវិធានការនានា របស់ក្រសួង ក៏ដូចជានិយាមអន្តរជាតិ ក្នុងសង្វាក់ផលិតកម្មដើម្បីធានាដល់សុវត្ថិភាពដល់បុគ្គលិក កម្មករនិយោជិត។

ក្រៅពីសុវត្ថិភាព សុខភាព ក្រុមហ៊ុន មិនមានការកាត់បន្ថយបុគ្គលិកណាមួយនោះទេ ខណៈការផលិតមានការធ្លាក់ចុះក្តី ដោយរក្សាការងារជូនបុគ្គលិក តាមរយៈការផ្ទេរការងារជូនពួកគាត់ ក៏ដូចជាឱ្យគាត់ចូលរួមក្នុងសកម្មភាពសង្គមដោយមិនធ្វើអ្វីឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់ឡើយ។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុន ផលិតស្រាបៀដ៏ធំនេះ។ ការចូលរួមរបស់វិស័យឯកជនពិតជាសំខាន់ណាស់ ឯកឧត្តមបាន សម្តែងនូវការពេញចិត្ត ដែលមានក្រុមហ៊ុនអន្តរជាតិមានវត្តមាននៅកម្ពុជា នាំមកនូវស្តង់ដា គុណភាព ស្តង់ដាគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ឆ្នាំ២០១៩កន្លងមកនេះ ខាងក្រុមហ៊ុនបានបង់ពន្ធជូនរដ្ឋចំនួន២៤០លានដុល្លារ។។

លើសពីនេះ ក្រុមហ៊ុនមួយនេះ បានអនុវត្តស្តង់ដាការងារបានល្អ ជាងផែនការទៅទៀត ជាពិសេសក្នុងដំណាក់កាលកូវីដនេះ ក្រុមហ៊ុនបានជួយដល់កម្មករ ដោយមិនកាត់ប្រាក់បៀវត្ស និងមានចំណុចល្អជាច្រើន ក្នុងការធ្វើឱ្យមានសុខដុមនីយកម្ម ក្នុងក្រុមហ៊ុនមិនដែលធ្វើឱ្យមានបញ្ហាកើតឡើងម្តងណាឡើយ ដោយផ្តើមចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងជាគំរូមួយ ក្នុងការដឹកនាំរបស់ក្រុមហ៊ុន ហើយយើងនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនដទៃទៀត អនុវត្តតាមផងដែរ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសម្តែងអំណរគុណដែលបានចូលរួមយ៉ាងសកកម្ម ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារ និងកូវីដ១៩ ក្នុងប្រទេសកម្ពុជា  បើទោះជារាជរដ្ឋាភិបាល មានការបិទការជួបជុំគ្នាផ្សេងៗក៏ដោយ ប៉ុន្តែមិនបានបិទសង្វាក់អាជីវកម្មនោះទេ ហើយក៏មានពលរដ្ឋកម្ពុជាក៏នៅតែបន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុននេះដែរ។ 

ឯកឧត្តម បញ្ជាក់ថា រោងចក្រជាកន្លែងសុវត្ថិភាពសម្រាប់កម្មករ ជាពិសេស មានការពិនិត្យសុខភាព និងការការពារផ្សេងៗជារៀងរាល់ថ្ងៃ បើទោះជានៅកម្ពុជាមានភាពធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែនៅលើពិភពលោកនៅតែធ្ងន់ធ្ងរនៅឡើយ ព្រោះមិនទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ មានតែអនុវត្តនូវវិធានដែលណែនាំដោយ ក្រសួងសុខាភិបាលតែប៉ុណ្ណោះ៕