Print this page

ក្រុមហ៊ុនធីវ៉ាយ ហ្វេស្សិនខេមបូឌា ភីអិលស៊ី(២) ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ

 ព្រហស្បតិ៍, 04 មិថុនា 2020 12:58  |  2961 times

(កណ្តាល)៖ ក្រុមហ៊ុនធីវ៉ាយ ហ្វេស្សិនខេមបូឌា ភីអិលស៊ី (២) ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ មានកម្មករនិយោជិតព្យួរកិច្ចសន្យាការងារចំនួន៧៥២នាក់ ទទួលបានវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។ គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។ 

បើតាមកម្មការិនី អ្នកស្រី សុខ សុភី បានលើកឡើងថា៖«វគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់សម្រាប់ខ្ញុំ ព្រោះបានឲ្យខ្ញុំយល់កាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សុវត្ថិភាព សុខភាពនៅកន្លែងការងារ និងវិធានការបង្ការជំងឺកូវីដ-១៩ ជាពិសេសនោះ នាងខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងខាងរោងចក្រ ដែលរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង និងបានផ្តល់ជាប្រាក់ឧបត្ថម្ភថែមទៀត ជួយដល់ខ្ញុំ និងគ្រួសារ ក្នុងអំឡុងពេលនៃការរាលត្បាតជំងឺកូវីដ-១៩ នេះ»។

រីឯអ្នកស្រី ហាវ ស្រីរ័ត្ន ជាកម្មការិនីរោងចក្រដែរនោះ បានបញ្ជាក់ពីអត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដែលបានធ្វើឲ្យអ្នកស្រី យល់កាន់តែច្បាស់អំពីការទំនាក់ទំនងល្អ, សិល្បៈនៃការចរចារ, សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ ការធ្វើការងារជាក្រុម និងការថែរក្សាការងារ។ អ្នកស្រីក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រុមការងាររៀបចំ និងអ្នកគ្រូ លោកគ្រូ ដែលបានចុះមកបង្ហាត់បង្រៀនផ្ទាល់ ធ្វើអោយកម្មករនិយោជិត ទទួលបានចំណេះដឹងថ្មីមួយបន្ថែមទៀតសម្រាប់ការងារ និងជីវភាពរស់នៅផងដែរ។

ជាមួយគ្នានោះ អ្នកគ្រូ ប៉ែន បុប្ផា ដែលជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់មួយរូបដែរនោះបានបញ្ជាក់ថា៖«វាជាឱកាសដ៏ល្អ សម្រាប់នាងខ្ញុំ បានចូលរួមចែករំលែកចំណេះដឹងអំពីបំនិនជីវិត ដែលផ្តោតទៅលើការទំនាក់ទំនង សិល្បៈនៃការចរចា និងការធ្វើការងារជាក្រុម ជូនដល់កម្មករ និយោជិត។ ទោះបី វគ្គបណ្តុះបណ្តាលនេះមិនមានពេលវេលាវែងក៏ដោយ ប៉ុន្តែវាក៏ជាចំណែកមួយដែលជួយអោយកម្មករ និយោជិតទាំងអស់បានទទួលនូវការយល់ដឹង និងបំពេញបន្ថែមទៅលើជំនាញដែលខ្លួនមាន ដើម្បីអោយជីវិតរស់នៅកាន់តែល្អប្រសើរ និងការងារកាន់តែមានប្រសិទ្ធភាពជាងមុន ជាពិសេសអំឡុងពេលនៃការរាតត្បាតជំងឺ កូវីដ-១៩ នេះ» ។

សូមបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖

១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ

២.ការបំពេញការងារជាក្រុម

៣.មូលដ្ឋានច្បាប់ស្ដីពីការងារ

៤.នីតិវិធីដោះស្រាយវិវាទការងារ

៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត

៦.អត្ថប្រយោជន៍ ប.ស.ស

៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19