(តាកែវ)៖ ក្រុមហ៊ុន ហុង សេន ថេកស្កាយ(ខេមបូឌា) ស្ថិតនៅក្នុងក្រុង ដូនកែវ មានកម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារចំនួន៩៥៣នាក់ និងក្រុមហ៊ុន យូនីវូដ ស៊ូមេនូហ្វេកឆឺរីងឯ.ក ស្ថិតនៅក្នុងស្រុក ត្រាំកក់ មានកម្មករនិយោជិតព្យួរកិច្ចសន្យាការងារចំនួន ១៥៧២នាក់ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។
ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖
១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ
២.ការបំពេញការងារជាក្រុម
៣.មូលដ្ឋានច្បាប់ស្ដីពីការងារ
៤.នីតិវិធីដោះស្រាយវិវាទការងារ
៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត
៦.អត្ថប្រយោជន៍ ប.ស.ស
៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19
អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលនា ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់បងប្អូនកម្មករ និយោជិត ដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ខិតខំត្រងត្រាប់ស្ដាប់ការបកស្រាយរបស់មន្រ្ដីជំនាញរបស់ក្រសួង ក៏ដូចជាលោកគ្រូអ្នកគ្រូដែលនឹងបង្រៀននាពេលនេះ។
ឯកឧត្តម មានប្រសាសន៍លើកឡើងថា ការសិក្សារបស់យើង មានលក្ខណៈពិសេសដោយឡែក ព្រោះរបៀបរៀបចំការរៀននេះ ប្រើប្រាស់កន្លែងធ្វើការជាថ្នាក់រៀន ខុសពីបទដ្ឋានសិក្សាផ្សេងៗ។ សិស្សមានចំនួនច្រើន ដូច្នេះសូមបងប្អូនខិតខំត្រង់ត្រាប់ស្ដាប់ ដើម្បីទទួលបានចំណេះដឹងអំពី “ច្បាប់ស្ដីពីការងារ” “ជំនាញទន់” ពិសេសអំពី “វិធីការពារខ្លួនពីជំងឺCOVID-19”។
បើតាមកម្មការិនី ផាន់ ណាវុន បានថ្លែងអរគុណដល់ក្រសួងការងារ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ព្រោះវគ្គបណ្តុះបណ្តាលនេះ បានធ្វើអោយកញ្ញាយល់ដឹងកាន់តែច្បាស់ពីអ្វីទៅជាការទំនាក់ទំនងល្អ ដឹងពីរបៀបចរចារដោះស្រាយបញ្ហា និងអ្វីទៅជាការបំពេញការងារជាក្រុម ហើយជាពិសេសនោះ កញ្ញាចេះថែរក្សាការងាររបស់ខ្លួន និងពីវិធានអនាម័យការពារពីជំងឺកូវីដ-១៩ថែមទៀតផង៕