ទីស្តីការក្រសួង៖ សល់មិនដល់ប៉ុន្មានថ្ងៃទៀតទេ ឆ្នាំ២០១៩ បានរំកិលផុត ឈានចូលឆ្នាំថ្មី២០២០ ជាមួយនឹងការខិតខំប្រឹងប្រែងបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការទាំងមូល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងន័យនេះ ដើម្បីតាមដានត្រួតពិនិត្យមើលនូវវឌ្ឍនភាពមួយចំនួនដែលក្រសួងសម្រេចបាន ក៏ដូចជា ការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងលើលក្ខខណ្ឌការងារផ្សារភ្ជាប់ពាណិជ្ជកម្មផងដែរនោះ នាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ កិច្ចប្រជុំមួយបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ក៏សំដៅត្រៀមសម្រាប់រៀបចំសន្និបាតបូកសរុបការងារក្រសួងឆ្នាំ២០១៩ និងដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២០ផងដែរ។
បន្ទាប់ពីបានពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងវិស័យការងារ និងវិស័យពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើង ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រសួងខិតខំសម្រេចបាននាពេលកន្លងមក ហើយក៏បានផ្តល់នូវអនុសាសន៏អោយថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញទាំងអស់ខិតខំសម្រេចឱ្យបានបន្ថែមទៀតនូវគោលដៅទាំងឡាយដែលបានដាក់ចេញ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់” ដែលផ្តោតលើអាទិភាពចំនួន៥ គឺ (១) ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ (២) ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៣) ការអភិវឌ្ឍមុខរបរនិងការងារ (៤) ការអភិវឌ្ឍរបបសន្តិសុខសង្គម និង (៥) ការពង្រឹងអភិបាលកិច្ចល្អ។
ថ្នាក់ដឹកនាំដែលបានបែកចែកឱ្យទទួលបន្ទុកតាមអាទិភាពនីមួយៗ នឹងរៀបចំសកម្មភាពលំអិតទៅតាមមុខសញ្ញារៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែឆ្លើយតបបានទាន់ពេលវេលាទៅតាមតម្រូវការការវិវត្តន៍សេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីធានាថាទោះក្នុងស្ថានភាពណាក៏ដោយបងប្អូនកម្មករនិយោជិត នៅតែទទួលបានការងារធ្វើប្រកបលក្ខខណ្ឌការងារល្អប្រសើរ ទទួលបានប្រាក់ឈ្នួលអប្បបរមាសមរម្យ ការការពារសិទ្ធិសេរីភាព និងទទួលបានកិច្ចគាំពារសង្គម៕