(ភ្នំពេញ)៖ នៅវិមានរដ្ឋសភាជាតិ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។
សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍សាមគ្គីធ៌ម និងសមធ៌មសង្គមដែលរួមមាន៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលិកស្វ័យនិយោជន៍។
សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្នុងវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព សេចក្តីថ្លៃថ្នូរ និងភាពសុខដុមរមនា ក្នុងសង្គម។
សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មាន១១ជំពូក និងចែកចេញជា១០៧មាត្រា៕