Print this page

ឯកឧត្តមបណ្ឌិត អុិត សំហេង ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងការងារវៀតណាម

 អង្គារ, 17 កញ្ញា 2019 15:41  |  3100 times

(សៀមរាប)៖ បន្ទាប់ពីបញ្ចប់ សន្និសិទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម(CLMTV) នាថ្ងៃទី ១៧ ខែកញ្ញា នេះ។ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យលោកជំទាវ Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចសាធារណរដ្ឋសង្គមនិយម វៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹកឡើងវិញអំពីចំណងមិត្តភាព ជាប្រវត្តិសាស្ត្រ រវាងកម្ពុជា វៀតណាម និងឡាវ ក្នុងការសាមគ្គី តស៊ូដើម្បីសន្ដិភាព។ ព្រមទាំងបានសំដែងការពេញចិត្តលទ្ធផល នៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃប្រទេស CLMTV និងបានប្ដេជ្ញាចិត្តក្នុងការខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះដែរ ភាគីទាំងពីរក៏បានលើកឡើងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីឆ្នាំ២០១៧ និងបន្តពិភាក្សាគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយនឹងចាត់មន្ដ្រីបច្ចេកទេសធ្វើការប្រជុំពិភាក្សាកំណត់នីតិវិធីដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ
និង បង្ហាញនូវគោលបំណងក្នុងការផ្លាស់ប្ដូរកម្លាំងពលកម្មទៅវិញទៅមកលើវិស័យដែលមានកង្វះខាតកម្លាំងពលកម្ម ជាពិសេសនៅតំបន់ព្រំដែន។

 

ភាគីជំនួបបានប្ដេជ្ញាចិត្តសហការគ្នាក្នុងការ ផ្លាស់ប្ដូរព័ត៌មាន និងទិន្នន័យ ក៏ដូចជាការពារ និងលើកកម្ពស់សិទ្ធិពលករនៃប្រទេសទាំងពីរព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈទៀតផង៕