Print this page

ជប៉ុនបញ្ជូនគ្រូបង្គោលបន្ថែមមកបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ

 អង្គារ, 02 កក្កដា 2019 11:28  |  3547 times

(ភ្នំពេញ)៖ អង្គការ JCIA របស់ជប៉ុនដែលជាដៃគូសហការ និងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ស្ថិតនៅរាជធានីភ្នំពេញនោះ បានបញ្ជូនគ្រូបង្គោល ផ្នែកថែទាំមនុស្សចាស់របស់ខ្លួនបន្ថែមមកបណ្ដុះបណ្ដាលជំនាញមួយចំនួនទៀត ដល់សិក្ខាកាមដែលសិក្សានៅក្នុងមជ្ឈមណ្ឌលមួយនេះ សំដៅបង្កើនចំនួនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនបន្ថែម។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក យ៉ាម៉ាដា ហ្វូមីយ៉ូ (Yamada Fumio) ប្រធានអង្គការ JCIA នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។ លោក យ៉ាម៉ាដា បានជម្រាបជូនឯកឧត្តម អ៉ិត សំហេង ឱ្យដឹងថា ដំណើរការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ដែលបាននិងកំពុងបណ្ដុះបណ្ដាលជំនាញផ្នែកថែទាំមនុស្សចាស់ ដល់កម្មសិក្សាការីកម្ពុជានោះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ប៉ុន្តែចំនួនកម្មសិក្សាការីដែលបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុននោះ នៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយបានជាអង្គការ JCIA របស់លោក បានបញ្ជូនគ្រូបង្គោលមួយចំនួនមកជួយបណ្ដុះបណ្ដាលជំនាញបន្ថែម ពិសេសផ្ដោតលើផ្នែកសុខាភិបាល ដើម្បីបង្កើនការជ្រើសរើស គ្រប់គ្រង បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ពិតជាបានស្វាគមន៍ និងគាំទ្រងយ៉ាងពេញទំហឹង ដោយបានលើកទឹកចិត្តឱ្យអង្គការ JCIA អនុវត្តការបណ្ដុះបណ្ដាលជំនាញដល់កម្មសិក្សាការីនេះឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីដើមឆ្នាំ២០១៩ មកនោះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការគិតគូរលើបញ្ហាសុវត្ថិភាពរបស់កម្មសិក្សាការីកម្ពុជា ដែលត្រូវបញ្ជូនទៅធ្វើការ និងកំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលនេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដូចគ្នាដែរ។ ជប៉ុននៅតែលើកសរសើរពីការធ្វើការ អត្តចរិត និងភាពអត់ធ្មត់នឹងការងាររបស់កម្មសិក្សាការីកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសជប៉ុន និងនៅតែពេញចិត្តចំពោះការទទួលពួកគេឱ្យធ្វើការនៅជប៉ុនទៀតផង។ មួយវិញទៀត លោក យ៉ាម៉ាដា ក៏បានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌កម្ពុជា ឬហៅថា ភូមិខ្មែរ នៅប្រទេសជប៉ុនផងដែរ ដោយភាគីជប៉ុនចង់បង្កើតមជ្ឈមណ្ឌលនេះឱ្យបាន ៤ទីតាំង នៅតាមទីក្រុង និងខេត្តផ្សេងគ្នា ប៉ុន្តែមិនទាន់ទទួលបានច្បាប់សាងសង់ និងការគាំទ្រពីសំណាក់ក្រសួង ស្ថាប័នមួយចំនួនរបស់កម្ពុជានៅឡើយ។

បញ្ហានេះ លោក យ៉ាម៉ាដា បានបញ្ជាក់ថា លោកបានពិភាក្សាលម្អិតជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួចមកហើយ ប៉ុន្តែនៅឡើយមិនទាន់មានការជួយគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ ដោយលោក យ៉ាម៉ាដា ក៏បានស្នើសុំការគាំទ្រពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ហើយនឹងបន្តស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបន្តទៀត។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើទៅលោក យ៉ាម៉ាដា សុំឱ្យមានការស្នើសុំច្បាប់សាងសង់ទីតាំងភូមិខ្មែរនៅជប៉ុននេះឱ្យបានត្រឹមត្រូវ និងអនុវត្តនីតិវិធីនៃប្រទេសជប៉ុនឱ្យបានហ្មត់ចត់ ហើយឯកឧត្តមផ្ទាល់ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏នៅតែត្រៀមស្វាគមន៍ និងគាំទ្រជានិច្ច៕