Print this page

ក្រសួងការងារផ្សព្វផ្សាយសៀវភៅថ្មីពាក់ព័ន្ធយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣

 អង្គារ, 25 មិថុនា 2019 11:36  |  4830 times

(ភ្នំពេញ,ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ និងពិធីប្រកាសផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង។

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រនេះ មានគោលបំណងពង្រីកចំណេះដឹងបន្ថែមដល់ជនបង្គោលយេនឌ័រ អំពីផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ ស្ថានភាពស្រ្តីក្នុងសេវារបបសន្តិសុខសង្គម សេវាទីភ្នាក់ងារជាតិមុខរបរ និងការងារ ព្រមទាំងផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ ឆ្នាំ២០១៦-២០២៥ ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង ពិតប្រាកដប្រកបដោយប្រសិទ្ធភាព។

បើតាមការលើកឡើងរបស់លោកស្រី Irene Genzmer តំណាងអង្គការ GIZ សមភាពយេនឌ័រ មិនត្រឹមតែជាមូលដ្ឋានសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃសន្តិភាព វឌ្ឍនភាព និងនិរន្តភាពសម្រាប់ពិភពលោកទំាងមូល។ ដូច្នេះហើយបានជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) បានឯកភាពទូទាំងសកលលោក ស្តីពី សមភាពយេនឌ័រ ដែលបានកំណត់នៅក្នុងគោលដៅទី៥។ រដ្ឋាភិបាលអាល្លឺម៉ង់បានប្តេជ្ញាចិត្ត គាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកអោយសម្រេចបានជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ឱ្យដឹងថា ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣នេះ គឺជាការដាក់បញ្ចូលនូវរាល់បញ្ហា និងតម្រូវការរបស់ស្រ្តីទៅក្នុងការរៀបចំការអនុវត្តការតាមដាន និងការវាយតម្លៃទៅលើបណ្តាគោលនយោបាយ កម្មវិធី និងគម្រោងនានា ដើម្បីធានាថាបុរស និងស្រ្តី បានចូលរួមស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចក្នុងការកំណត់អាទិភាព និងវិភាជន៍ថវិកាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា សៀវភៅផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣នេះ ត្រូវបានចងក្រងឡើងតាមរយៈ៖

    * ការពិនិត្យឡើងវិញទៅលើការប្រតិបត្តិយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ និងការប្រមូលមតិយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗលើបញ្ហាយេនឌ័រនៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីនាយកដ្ឋានជំនាញ ព្រមទាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត។

   * ការវិភាគស្ថានភាពបុរស និងស្រ្តីនៅក្នុងទីផ្សារការងារនៅកម្ពុជាបច្ចុប្បន្ន។

   * ការកំណត់បញ្ហាយេនឌ័រ ព្រមទាំងកំណត់អាទិភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់កសាងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣។

ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្តល់នូវអនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖

   ១. ការបញ្ជ្រាបយេនឌ័រជាការងារមួយពាក់ព័ន្ធទាំងពីរវិស័យ ទាំងវិស័យការងារ និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដូច្នេះគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវសហការឱ្យបានជិតស្និទ្ធិជាមួយក្រុមការងារយេនឌ័រក្រសួង ដើម្បីជំរុញឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រនេះបានជោគជ័យ។

   ២. ស្នើក្រុមការងារយេនឌ័រក្រសួងបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ដោយខិតខំពុះពារបញ្ចេញអស់សក្តានុពល ប្រែក្លាយឆន្ទៈ និងការចូលរួមទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព។

   ៣. បង្កើនកិច្ចសហការជិតស្និទ្ធថែមទៀត ជាមួយក្រសួងកិច្ចការនារី និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីកៀរគរស្វែងរកការឧបត្ថម្ភគំាទ្រកិច្ចសហប្រតិបត្តិការខាងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ ដំណាក់កាលទី៤ ឆ្នំា២០១៩-២០២៣ ទទួលបានជោគជ័យ៕