(កូរ៉េខាងត្បូង)៖ នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និងសមាគមខ្មែរនានា បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តចូលឆ្នាំខ្មែរ នៅពហុកីឡាដ្ឋានអានសាន ទីក្រុងអានសាន ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ អភិបាលក្រុងអានសាន តំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សនៃក្រសួងមុខរបរនិងការងារកូរ៉េ និងពលរដ្ឋខ្មែរនៅកូរ៉េ ប្រមាណជិត១ម៉ឺននាក់ ដោយមានកម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិពណ៍ម្ហូបខ្មែរ ការសម្តែងសិល្បៈ និងការរាំកំសាន្តប្រកបដោយភាពសប្បាយរីករាយ និងជោគជ័យ។
កម្មវិធីមហាសង្រ្កាន្តឆ្នាំនេះ ត្រូវបានរៀបចំជាច្រេីនកន្លែងនៅសាធារណៈកូរ៉េ។ នៅក្នុងព្រឹត្តិការណ៍មហាសង្ក្រាននេះ ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា៖ "មានបងប្អូនពលករខ្មែរ បានធ្វើដំណើរមកពីឆ្ងាយរាប់រយគីឡូ ចំណាយពេលច្រើនម៉ោង ដើម្បីមកចូលរួម ដែលខ្ញុំសូមអរគុណដល់ទឹកចិត្ត ស្រឡាញ់ រាប់អានគ្នា ដ៏ស្មោះសររបស់បងប្អូនខ្មែរទាំងអស់។ ឆ្នាំនេះកម្មវិធីរបស់យើងពិតសម្បូរបែប ដោយមានក្រុម សិល្បៈតន្ត្រី និងអ្នកចម្រៀង នៃសមាគមនានា និងមានសិល្បករ មកពីក្នុងប្រទេសបានមកចូលរួមសម្ដែង ក្នុងកម្មវិធីយើង រួមជាមួយក្រុមសិល្បកររបស់បងប្អូននៅកូរ៉េផ្ទាល់ហើយខ្ញុំសង្ឃឹមថាបងប្អូន សប្បាយរីករាយ ហើយរាំលេងទាំងអស់គ្នា"។
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំមកនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសាកសួរសុខទុក្ខនិង ពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ពីសំណាក់ រាជរដ្ឋាភិបាល ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនខ្មែររស់នៅកូរ៉េខាងត្បូង ទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមឆ្នាំថ្មីនាំមកនូវជោគជ័យសេរីសួស្ដីគ្រប់ប្រការ ដល់បងប្អូនខ្មែរទាំងអស់។ ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍ថា ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅសាធារណរដ្ឋកូរ៉េ ពិតណាស់មិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារ នៅស្រុកកំណើតយើងទេ តែបញ្ជាក់ថាខ្មែរយើងទោះទៅដល់ទីណា សម្បូរសប្បាយយ៉ាងណាក្ដីក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ ខ្មែរឡើយ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមសូមគោរពកោតសរសើរបងប្អូនខ្មែររស់នៅកូរ៉េខាងត្បូងទាំងអស់ ដែលបានថែរក្សា ប្រពៃណីជាតិ ជាពូជពង្សខ្មែរអង្គរដ៏រុងរឿងនៃយើង។ ឆ្នាំនេះប្រជាពលរដ្ឋខ្មែរយើងធ្វើបុណ្យចូលឆ្នាំខ្មែរក្នុងបរិយាកាសប្បាយរីករាយណាស់។ នៅក្នុងប្រទេសប្រជាជនខ្មែរ ធ្វើបុណ្យចូលឆ្នាំ ក្នុងបរិយាកាស សុខសាន្ត សន្តិភាពអភិវឌ្ឍន៍ ដោយសប្បាយរីករាយ ខ្លាំងណាស់ ដូច្នេះសូមបងប្អូនយើង ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យ ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ឈានទៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់៕