Print this page

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហជីព និយោជក បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក

 សុក្រ, 15 មីនា 2019 10:34  |  3411 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហជីព សមាគមនិយោជក និងអង្គការពាក់ព័ន្ធដទៃទៀត បានបើកកិច្ចសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ លើសេចក្តីព្រាងប្រកាសស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Mekong View Tower រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រុមការងារកសាងច្បាប់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការការ (ILO) ដែលបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិនេះឡើង ក្នុងគោលបំណង ១) ផ្សព្វផ្សាយនិងបង្ហាញខ្លឹមសារនៃសេចក្តីព្រាងប្រកាសស្តីពីក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជក និង ២) ប្រមូលធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ  ដើម្បីទទួលបានការឯកភាព និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធានាឱ្យបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព។ក្នុងន័យនេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថា្នក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្តមបានបន្តថា ច្បាប់ស្តីពីសហជីព គឺជាក្របខណ្ឌគតិយុត្តមួយដែលមានគោលដៅ៖ ១) ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត, ២) ធានានូវសិទ្ធសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក, ៣) ជំរុញឱ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ៤) រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ។

ដើម្បីធានាឱ្យការអនុវត្តច្បាប់ស្តីពីសហជីព ប្រកបដោយប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសចំនួន៤ នៅក្នុងឆ្នាំ២០១៦ ដែលរួមមាន៖

      ១. ប្រកាសស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក។

      ២. ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីព។

     ៣. ប្រកាសស្តីពីនីតិវិធី នៃការធ្វើឧបាស្រ័យលើចំណាត់ការរបស់មន្រ្តី ដែលបានប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព។

      ៤. ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារ ក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិតទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា។

យោងតាមរបាយការណ៍ នៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ក្រសួងការងារក៏បានដាក់ចេញប្រកាសចំនួន៤ បន្ថែមទៀត នៅក្នុងឆ្នាំ២០១៨ ដើម្បីធានាការអនុវត្តច្បាប់នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖

      ១. ប្រកាសស្តីពីនីតិវិធីនៃការបង់ប្រាក់ភាគទានសហជីព និងប្រាក់សេវាភ្នាក់ងារ។

      ២. ប្រកាសស្តីពីបែបបទនៃការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុរបស់សហជីព ឬសមាគមនិយោជក។

      ៣. ប្រកាសស្តីពីប្រតិភូបុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថាន។

      ៤. ប្រកាសស្តីពីភាពជាតំណាងបំផុតនៃសហជីព និងបែបបទនីតិវិធី ដើម្បីទទួលបានភាពជាតំណាងបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីធានាការអនុវត្តច្បាប់ស្តីពីសហជីព ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត និងនិយោជក ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ជាពិសេសការចរចាជាសមូហភាព ដើម្បីចុះអនុសញ្ញារួម ក្រសួងការងារបានរៀបចំសេចក្តីព្រាងប្រកាសស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជកស្របតាម មាត្រា៧២ នៃច្បាប់ស្តីពីសហជីព ដែលជាកម្មវត្ថុនៃសិក្ខាសាលាថ្ងៃនេះ៕