Print this page

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលា

 ព្រហស្បតិ៍, 14 មីនា 2019 17:31  |  2812 times

ទីស្តីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងការងារ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្វីដែលជាការចូលរួមចំណែករបស់សហភាពអឺរ៉ុប ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា រយៈពេលកន្លងមក ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ យើងបានរួមដោះស្រាយនូវការងារជាច្រើន ជាពិសេសលើវិស័យការងារដែលពាក់ព័ន្ធដល់ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសិទ្ធិការងារផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា «ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានការខិតខំប្រឹងប្រឹងជំរុញកិច្ចសហប្រតិបត្តិ ទៅលើការវិវឌ្ឍរីកចម្រើន និងវឌ្ឍនភាព មកដល់កម្ពុជា ហើយសហភាពអឺរ៉ុបគឺជាគោលដៅទីផ្សារនាំចេញទំនិញវាយនភណ្ឌទីមួយរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ហើយអនុស្សាវរីយ៍ទាំងនេះនឹងស្ថិតនៅក្នុងចិត្តយើងចំពោះការចូលរួមវិភាគទានរបស់ឯកឧត្តមអគ្គរដ្ឋទូតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលកន្លងមក»។ កម្ពុជាបានអនុវត្តយ៉ាងល្អប្រសើរទៅតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេស ខិតខំឆ្លើយតបបានពេញលេញទៅតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ និងបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុបមកកាន់កម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា យើងបាននឹងកំពុងសហប្រតិបត្តការយ៉ាងល្អជាមួយគម្រោងនានា ជាពិសេសគម្រោងពាក់ព័ន្ធនឹងការលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដូចជាគម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា គម្រោងកិច្ចព្រមព្រៀងជាសកលរបស់ស៊ុយអែត និង គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ, SLSG)។

ជាមួយគ្នានេះ ឯកឧត្តម George Edgar ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដែលបានជួយសម្រួលដល់ការងាររបស់រូបឯកឧត្តម ដែលបានបំពេញបេសកកម្មការងាររយៈពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងនៅទីក្រុង និងជនបទ។ ឯកឧត្តម សំដែងនូវក្តីរីករាយចំពោះការបន្តសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្ដែងនូវការអបអរសាទរ ចំពោះភាពរីកចម្រើន និងលទ្ធផលដ៏ល្អប្រសើរបែបនេះ។ វឌ្ឍនភាព និងកិច្ចសហប្រត្តិបត្តិការជាមួយសហភាពអឺរ៉ុបកន្លងមកទទួលបាននូវលទ្ធផលជាផ្លែផ្កា និងជោគជ័យធំធេង។ ជាមួយគ្នានេះដែរ ឧត្តមអគ្គរដ្ឋទូត ពិតជារីករាយដែលឃើញ កម្ពុជាបានចូលរួមអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិការងារបានយ៉ាងល្អ ដែលជាកត្តាស្នូលដល់ការបញ្ជាទិញពីសហភាពអឺរ៉ុប ដោយសារអ្នកបញ្ជាទិញ ផ្តោតទៅលើលក្ខខណ្ឌការងារ និងសិទ្ធិការងាររបស់កម្មករនិយោជិតកម្ពុជា។ តបតាមសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមអគ្គរដ្ឋទូត និងផ្ញើសារដ៏វិជ្ជាមាននេះ ទៅដៃគូរនានា ដើម្បីឱ្យឆ្លុះបញ្ចាំងពីការពិតនូវការខិតខំអនុវត្តល្អក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិការងារ ព្រោះថា ដៃគូរជាច្រើននៅតែសំដែងការពេញចិត្តរបស់ពួកគេក្នុងការបន្តកិច្ចសហប្រតិបត្តិការក៏ដូចជាបន្តបញ្ជាទិញប្រភពទំនិញពីកម្ពុជា៕