(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើក “វេទិកាធុរកិច្ច” (Business Forum) របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្រោមប្រធានបទ “យុទ្ធសាស្រ្តនាពេលអនាគតរបស់ BFC, ភាពជាដៃគូជាមួយម្ចាស់អាជីវកម្មដើម្បីពង្រីកឥទ្ធិពល និងចក្ខុវិស័យសម្រាប់ឧស្សាហកម្មកាត់ដេរកម្ពុជា” នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានរៀបចំឱ្យមានវេទិកាដ៏មានសារៈសំខាន់នេះឡើង ដើម្បីឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមានជាអាទិ៍ ក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ អ្នកបញ្ជាទិញអន្តរជាតិ ។ល។ អាចមានឱកាសសិក្សាស្វែងយល់អំពី ១)ផលប៉ះពាល់នៃលក្ខខណ្ឌការងារល្អប្រសើរចំពោះអាជីវកម្ម និងកម្មករនិយោជិត ២)បញ្ហាប្រឈមនិងកាលានុវត្តភាពនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជា និងការរៀបចំឱ្យមានជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរនៅកម្ពុជា និង៣)ឯកសារយុទ្ធសាស្រ្ត ២០១៩-២០២២ របស់គម្រោង BFC ។
សូមរំលឹកផងដែរថា គម្រោង BFC មានវត្តមាននៅកម្ពុជារយៈពេល ១៩ឆ្នាំ (ចាប់ផ្តើមនៅឆ្នាំ២០០០) ហើយ។ BFC គឺជាគម្រោងទី១ ដែលផ្សាភ្ជាប់លក្ខខណ្ឌការងារ ជាមួយនឹងពាណិជ្ជកម្មក្រៅប្រទេស ហើយត្រូវបាន បណ្តាប្រទេសមួយចំនួនជាសមាជិកអង្គការអន្តរជាតិខាងការងារយកគម្រូតាមផងដែរ។ នេះជាលទ្ធផលដែលកើតចេញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ តាមរយៈការផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេសជាមួយនឹងលក្ខខណ្ឌការងារ។ ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលមានភាពក្លាហានក្នុងការអនុវត្តពាណិជ្ជកម្មក្រៅប្រទេសជាមួយនឹងការធានាលក្ខខណ្ឌការងារសមស្របតាមបទដ្ឋានការងារស្នូលជាអន្តរជាតិ និងច្បាប់ស្តីពីការងារ។
ឯកឧត្តម ហេង សួរ បញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តគម្រោង BFC ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការ ILO សម្រាប់ឆ្នាំ២០១៧-២០១៩ ដែលក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រឹងកិច្ចសហការជាមួយគម្រោង BFC ក្នុងការបន្តកំណែទម្រង់ និងពង្រឹងប្រព័ន្ធអធិការកិច្ចការងាររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងអាចជឿជាក់បាន តាមរយៈការអនុវត្តផែនការសកម្មភាពរួមជាមួយគម្រោង BFC។ ជាលទ្ធផល ដោយមានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកបញ្ជាទិញទាំងអស់ លក្ខខណ្ឌការងារ និងជីវភាពរបស់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលនេះក៏ជាចលករដ៏សំខាន់ក្នុងការធានាបានការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងមួយប្រកបដោយចីរភាព។ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងនានា ដែលធានា និងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាពកម្មករនិយោជិត និងផលិតភាពការងារ គឺជាចំណុចដែលមិនអាចខ្វះបាន។ ដូច្នេះ ឯកឧត្តមស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តបញ្ជាទិញពីកម្ពុជា និងចូលរួមលើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតគ្រប់រូប។
លើសពីនេះទៀត ឯកឧត្តមក៏បានលើកឡើងអំពីលំហសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដែលត្រូវបានធានាយ៉ាងពេញលេញនៅក្នុងច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីការងារ ដែលជាក់ស្តែងចំនួនសហជីពដែលបានចុះបញ្ជីក្រោយច្បាប់ស្តីពីសហជីពចូលជាធរមាន ក៏មានការកើនឡើងទ្វេដងក្នុងមួយឆ្នាំៗ បើប្រៀបធៀបជាមួយចំនួននៃការចុះបញ្ជីសហជីពមុនពេលមានច្បាប់ស្តីពីសហជីព។
ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការគាំទ្រឱ្យមានវត្តមានរបស់ BFC នៅកម្ពុជា និងបន្តអនុវត្តផែនការសកម្មភាពរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង BFC សម្រាប់ឆ្នាំ២០១៩ ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរនៅកម្ពុជា ដោយរៀបចំការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងនេះសម្រាប់អាណត្តិថ្មី៕