Print this page

NEA ប្តេជ្ញានាំយកឱកាសការងារកាន់តែច្រើនឲ្យខិតជិតប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឆ្នាំ២០១៩

 សុក្រ, 14 ធ្នូ 2018 17:56  |  3698 times

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកផែនការការងារឆ្នាំ២០១៩របស់ខ្លួន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ។ “ស្នាមញញឹមរបស់អ្នកស្វែងរកការងារ និងក្រុមគ្រួសាររបស់ពួកគាត់បន្ទាប់ពីគាត់ទទួលបានការងារគឺជាកម្លាំងជំរុញទឹកចិត្តដល់មន្ត្រី (NEA) យើងទាំងអស់គ្នា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ នៅចំពោះមុខមន្រ្តីទាំងអស់ទាំងនៅក្នុងថ្នាក់កណ្តាល និងមន្ត្រីមជ្ឍមណ្ឌលការងារមកពីបណ្តាខេត្តចំនួន១១ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកផែនការការងារឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ។

 

 

ឯកឧត្តមប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ បានលើកឡើងថា៖ “ការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលដើម្បីបែងចែកឱកាសការងារជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនស្មើៗគ្នាប្រកបដោយសមធម៌ និងតម្លាភាព។ ចក្ខុវិស័យរបស់យើង គឺប្រែក្លាយជាទីភ្នាក់ងារផ្តល់សេវាការងារប្រកបដោយគុណភាពឈានមុខគេនៅកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលមានបំណងចង់ស្វែងរកការងារអាចទទួលបានព័ត៌មានការងារក្នុងស្រុក និងទទួលការជួយជ្រោមជ្រែងរហូតពួកគាត់ទទួលបានការងារ និងប្រាក់ចំណូលទៅតាមក្តីប្រាថ្នា”។

បើតាមរបាយការណ៍លទ្ធផលការងារដែលបានធ្វើការបកសរុបក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨នេះ NEA សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ អ្នកទទួលបានការងារធ្វើមានចំនួន ៥,៤៦៤ នាក់, ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកដែលត្រូវការកម្លាំងពលកម្មមានចំនួន ២២,៨៥៤ នាក់, បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើសរុបចំនួន ១៥,៤៨៥នាក់, ប្រមូលដំណឹងជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ចំនួន៨៣,៤៦៦កន្លែង, និងផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈទូរស័ព្ទទៅអ្នកស្វែងរកការងារធ្វើ ចំនួន ៣៥,២៩៥នាក់។ លទ្ធផលដែលទទួលបានខាងលើនេះ ជាការផ្តល់អនុសាសន៍ និងការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ព្រមទាំង ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលជានិច្ចកាលឯកឧត្តមតែងតែផ្តល់នូវការណែនំាដល់ថ្នាក់ដឹកនាំ និងមន្ត្រីNEA ឲ្យខិតខំផ្តល់សេវាការងារ និងផ្សព្វផ្សាយព័ត៌មានអំពីឳកាសការងារដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ដើម្បីផ្តល់សេវាការងារជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវាការងារ NEA តែងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនាញទន់ និងភាពជាអ្នកដឹកនាំដល់មន្ត្រីរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋឆាប់ទទួលបានការងារធ្វើ។

គូរបញ្ជាក់ថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ និងទំព័រ facebookneakhmer