Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អះអាងប្រាប់និយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ចំពោះកម្មករចម្ការកៅស៊ូ ក៏ដូចកម្មករក្នុងរោងចក្រដែរ

 ព្រហស្បតិ៍, 01 វិច្ឆិកា 2018 12:16  |  3064 times

ទីស្ដីការក្រសួង៖ ក្រុមនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានបង្ហាញការបារម្ភពីការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមានការប្រែប្រួលការអនុវត្តមួយចំនួន។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអះអាងប្រាប់ក្រុមនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករក្នុងចម្ការកៅស៊ូនៅប្រទេសកម្ពុជា គឺស្របទៅនឹងការអនុវត្តចំពោះកម្មករនិយោជិតក្នុងរោងចក្រ សហគ្រាសដូចគ្នាដែរ។

ការពន្យល់បំភ្លឺបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបពិភាក្សាការងារជាមួយលោក TRUONG MINH TRUNG នាយករងសម្ពន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយបញ្ចប់កិច្ចពិភាក្សាខាងលើ ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បានឲ្យដឹងបន្ទាប់ពីភាគីវៀតណាមបង្ហាញការព្រួយបារម្ភខាងលើនោះរួចមក ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានអះអាងតបវិញថា ការអនុវត្តច្បាប់នាពេលបច្ចុប្បន្ននៅកម្ពុជា គឺគ្របដណ្ដប់ទាំងអស់ មិនថានៅក្នុងរោចងចក្រ ឬនៅក្នុងចម្ការកៅស៊ូនោះទេ ដូចជាការបើកប្រាក់ខែ២ដងក្នុងមួយខែ បើកប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំ ការអនុវត្តការងារពាក់ព័ន្ធនឹងបេឡាជាតិរបបសន្តិសុខសង្គម ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រែប្រួលនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិត និងការបង្កើនផលិតភាពការងារនៅតាមមូលដ្ឋានការងារឱ្យកាន់តែខ្ពស់។

ក្រោយពីទទួលបានការបកស្រាយពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី រួចមក តំណាងភាគីនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ហាក់រសាយនូវក្ដីកង្វល់ ហើយបានជម្រាបបន្ថែមថា ប្រសិនបើមានបញ្ហាអ្វីផ្សេងទៀតពាក់ព័ន្ធវិស័យការងារនេះ ភាគីវៀតណាមនឹងទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទាល់។ លើសពីនេះ តំណាងនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា លោក TRUONG MINH TRUNG ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ដែរថា សមាគមចម្ការកៅស៊ូវៀតណាមនៅកម្ពុជា នឹងរៀបចំឱ្យសមាគមរបស់ខ្លួនឱ្យស្របច្បាប់ពេញលេញ ពិសេសគឺការរៀបចំបែបបទចុះបញ្ជីនៅក្រសួងការងារ ដើម្បីងាយស្រួលក្នុងការអនុវត្តច្បាប់ជាមួយភាគីកម្ពុជា៕