Print this page

សូមចូលរួមអបអរសាទរដល់យុវជន ១៣១ នាក់ដែលទទួលបានលទ្ធផលល្អពីការដាក់ពាក្យ និងសម្ភាសការងារនៅក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ

 សុក្រ, 06 តុលា 2023 10:57  |    Written by MLVT  |  1599 times

វេទិកាការងារដែលបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃម្សិលមិញនេះ បានបញ្ចប់ទៅដោយរលូន ដោយមានយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើចំនួនជាង ២០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១ នាក់បានសម្ភាសជាប់ ដោយក្នុងនោះ អ្នកសម្ភាសជាប់ជាស្ថាពរមានចំនួន ១២ នាក់ និងអ្នកសម្ភាសជាប់បឋមមានចំនួន ១១៩ នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗនាពេលឆាប់ៗខាងមុខ។

 

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ សូមមកចុះឈ្មោះ ស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាល ផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

 

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទង  មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕