ថ្ងៃស្អែកនេះ វេទិកាទស្សនកិច្ចការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងបន្តនាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែង ពីក្រុមហ៊ុន សហគ្រាស ជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងទឹកដីខេត្តកំពង់ចាម ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់និយោជក និងអ្នកស្វែងរកការងារធ្វើ នៅលើទឹកដីនៃខេត្តចំនួនបីរួចមកគឺ ខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ។
សម្រាប់ខេត្តកំពង់ចាម វេទិកាទស្សនកិច្ចការងារ នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច នាថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ វេទិកានេះ នឹងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តកំពង់ចាម កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។ដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។
កញ្ញា គន ស្រីលីន និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យឯកទេសកម្ពុជាជំនាញគ្រប់គ្រង ដែលបានចូលរួមក្នុងវេទិកាទស្សនកិច្ចការងារកាលពីម្សិលមិញនៅខេត្តកំពង់ចាម បានលើកឡើងថា គាត់ពិតជាសប្បាយរីករាយណាស់ដែល NEA បានរៀបចំកម្មវិធីនេះឡើង ពិសេសនាំយកឱកាសការងាររាប់ពាន់កន្លែង មកដល់ទីតាំងខេត្តរបស់គាត់ផ្ទាល់តែម្តង ពោលគឺមិនចាំបាច់ចំណាយពេលទៅសួរ ឬទៅដាក់ពាក្យស្វែងរកការងារនៅតាមទីតាំងក្រុមហ៊ុននោះទេ។ កញ្ញាបន្តថា គាត់បានដាក់ CV នៅធនាគារ អេស៊ីលីដា ត្បិតធនាគារមួយនេះមានសាខាច្រើននៅទូទាំងប្រទេស ណាមួយទៀតគាត់ក៏កំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។
សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕