Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីផ្សព្វផ្សាយ ការដាក់ឱ្យ​ប្រើប្រាស់ ផែនការមេ​លើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២

 ព្រហស្បតិ៍, 21 មិថុនា 2018 16:46  |    Written by MLVT  |  6419 times

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ។

 

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា បន្ទាប់ពីបានអនុវត្តប្រកបដោយជោគជ័យនូវផែនការមេលើកទី១ ស្តីពីសុខភាព និងសុវត្ថិភាព ការងារ ឆ្នាំ២០០៩-២០១៣ ផែនការមេលើកទី២នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានរៀបចំឡើងដោយមានការសិក្សាផ្អែកលើលទ្ធផលនៃការអនុវត្តផែនការមេលើកទី១ ការពិគ្រោះយោបល់ត្រីភាគី ការចូលរួមពីភាគី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានពេទ្យការងារ និង អង្គការអន្តរជាតិខាងការងារ ដែលបានឯកភាព និងសម្រេចដាក់ចេញនូវសកម្មភាពជាអាទិភាព ចំនួន៦ សម្រាប់ចង្អុលបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធ យកទៅពង្រីកផែនការសកម្មភាព សំដៅបង្កើនប្រសិទ្ធភាពការងារនៅក្នុងវិស័យសុខភាព និងសុវត្ថិភាព ការងារឱ្យស្របតាមការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចសម្រាប់ កម្មករនិយោជិតនៅគ្រប់មុខវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ផែនការមេលើកទី២នេះ នឹងបំពេញតួនាទីជាផែនទីបង្ហាញផ្លូវ និងកាលានុវត្តភាព ដែលជាការប្តេជ្ញា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណង ដើម្បីបង្កើតឱ្យមាន បរិយាកាសការងារល្អប្រកបដោយសុខភាព និងសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតទាំងអស់ តាមរយៈការធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំដើម្បីស្វែងរកមធ្យោបាយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលបំណងអាទិភាពចំនួន ៦ចំណុច រួមមាន៖

- គោលបំណងទី១៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារជាតិ

- គោលបំណងទី២៖ ពង្រឹងការងារអធិការកិច្ច និងការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាព ការងារ

- គោលបំណងទី៣៖ ជំរុញអង្គការនិយោជក និងអង្គការកម្មករនិយោជិតចូលរួមសកម្មភាព សុខភាព និងសុវត្ថិភាពការងារ

- គោលបំណងទី៤៖ រៀបចំ និងអនុវត្តកម្មវិធីពិសេសសម្រាប់មុខរបរគ្រោះថ្នាក់

- គោលបំណងទី៥៖ ជំរុញឱ្យមានការការពារផ្នែកសុខភាព និងសុវត្ថិភាពការងារ ដល់ សហគ្រាស ខ្នាតតូច និងមធ្យម និងកន្លែងធ្វើការនៅតាមជនបទ និងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ

- គោលបំណងទី៦៖ គាំទ្រ និងជំរុញកិច្ចសហការផ្នែកសុខភាព និងសុវត្ថិភាពការងារលើ ការងារកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគ្រាស គ្រឹះស្ថាន លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ផ្តល់សេវាសុខភាពដោយឥតគិត ថ្លៃ ជូនកម្មករនិយោជិត តាមរោងចក្រ សហគ្រាស និងតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។

កម្មវិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ រួមនឹងសប្បុរសជននានា និងក្រសួងសុខាភិបាល បានចុះពិនិត្យនិងព្យាបាលផ្ទាល់ជូនបង ប្អូនកម្មករ និយោជិតជាបន្តបន្ទាប់។ តាមរយៈផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ ក្រសួង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិទាំងអស់ ដើម្បី អនុវត្តផែនការមេលើកទី២នេះឱ្យទទួលបានជោគជ័យ សំដៅពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និង សុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់សហគ្រាស គ្រឹះស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី អរគុណដល់ក្រសួងស្ថាប័ន អង្គការនិយោជក អង្គការកម្មករនិយោជិត និងអង្គការដៃគូពាក់ព័ន្ធដែលបានចូលរួមក្នុងការផ្តល់យោបល់ និងធាតុចូល ជាពិសេសអង្គការអន្តរជាតិខាងការងារជប៉ុនដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេសដើម្បីឱ្យផែនការមេលើកទី២ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២លេចជារូបរាងឡើង។ ឯកឧត្តមសង្ឈឹមយ៉ាងមុតមាំថា ផែនការមេលើកទី២នេះ នឹងត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំ ទូលាយ និងបង្កភាពងាយស្រួលដល់ភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់សម្រាប់យកទៅកសាងផែនការ សកម្មភាពលម្អិតក្នុងការលើកកម្ពស់ និងកែលំអប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថាកន្លែងធ្វើការ នឹងរក្សាបាននូវបរិយាកាសការងារល្អដែល មានសុខភាព និងសុវត្ថិភាព និងកំណើនផលិតភាពឈានទៅកសាងវប្បធម៌សុខភាព និងសុវត្ថិភាព ការងារនៅកន្លែងធ្វើការនាពេលអនាគត។

 

data-layout="button_count">