Print this page

ពិធីចែកប័ណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត

 ព្រហស្បតិ៍, 01 ធ្នូ 2016 10:48  |  9879 times

បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានសហការជាមួយរោងចក្រ A & J (CAMBODIA) CO.,LTD មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្ដស្វាយរៀង បានរៀបចំពិធីចែកប័ណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី លុយ ឈីន អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យ ប.ស.ស ។ ការចុះផ្ដល់បណ្ណបើកបរនេះជាលើកទី ១៦ ហើយ ចំពោះប័ណ្ណដែលត្រូវចែកជូនអ្នកបើកបរ មានចំនួន ២៩ ប័ណ្ណ (ប្រភេទ “ខ” ចំនួន ០៤ ប័ណ្ណ និងប្រភេទ “ឃ២” ចំនួន ២៥ ប័ណ្ណ)។ ក្រុមការងារ ប.ស.ស បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបណ្ដុះបណ្ដាល ប្រឡង ផ្ដល់បណ្ណបើកបរ សរុបបានចំនួន ១.៨៥៩ ប័ណ្ណ (ប្រភេទ“ខ” ចំនួន ១.៤៥០ បណ្ណ និងប្រភេទ“ឃ២” ចំនួន ៤០៩ ប័ណ្ណ)។ ជាមួយគ្នានេះដែរ លោក ជាវ ប៊ុនរិទ្ធ បានក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ត្រូវដឹងពីតួនាទី ភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលបើកបរបណ្ដាលឲ្យមានគ្រោះថ្នាក់ ជាយថាហេតុ ធ្វើឲ្យកម្មកររងរបួស ស្រាល ធ្ងន់ និងស្លាប់។ បន្ទាប់មក លោក ក៏បានស្នើសុំឲ្យអ្នកបើកបររថយន្ដដឹកកម្មករទាំងអស់គប្បីៈ ‐ យកជាប់តាមខ្លួននូវប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ដ ‐ មានបណ្ណសម្គាល់រថយន្ដ និងពាក់ផ្លាកលេខត្រឹមត្រូវ ‐ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ‐ លិខិតអនុញ្ញាតធ្វើអាជីវកម្មរថយន្ដ ‐ មានគ្រឿងបរិធានគ្រប់គ្រាន់ ‐ បើកបរដោយមានការប្រុងប្រយ័ត្នជានិច្ច ‐ បើកបរទៅតាមល្បឿនដែលបានកំណត់ ‐ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ‐ មិនត្រូវឈប់ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ ‐ មិនត្រូវផ្ទុកលើសចំណុះ ដាក់លើដំបូល និងតោងរយីរយោងជាដើម ៕