Print this page

ឯកឧត្តមបណ្ឌិត អុិត​ សំហេង បានអញ្ជេីញដឹកនាំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ នាព្រឹកនេះ

 ពុធ, 17 សីហា 2022 12:15  |  4405 times

(ភ្នំពេញ) ៖ បន្ទាប់ពីមានកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាកែសម្រួលលើសេចក្ដីព្រាងផែនការថវិកាឆ្នាំ ២០២៣ និងសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ជាច្រើនលើកកន្លងមករបស់ក្រុមកិច្ចការងារអ្នកច្បាប់នៃ ប.ស.ស. នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានបើកិច្ចប្រជុំលើកទី១៤ អាណត្តិទី១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ សម្រេចជាស្ថាពរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ នូវសេចក្តីព្រាងផែនការថវិកា ធ្វើយ៉ាងណាឲ្យការចំណាយនានាក្នុងការអនុវត្តការងារស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធានាបាននូវតុល្យភាពហិរញ្ញវត្ថុ និងបានស្នើដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ត្រូវត្រួតពិនិត្យ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ ទៅលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀតសំដៅធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានលក្ខណៈត្រឹមត្រូវស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អរបស់សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្ដី ក៏នៅតែបំពេញតួនាទីយ៉ាងល្អក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។

 

អង្គប្រជុំនៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.  បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៣ និងសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. បន្ទាប់ពីបានពិភាក្សាយ៉ាងយកចិត្តទុលដាក់អស់រយៈពេលពេញមួយព្រឹកកន្លងមកនេះ។