Print this page

ថ្នាក់ដឹកនាំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៥០

 សុក្រ, 14 មីនា 2025 19:21  |  314 times

(ភ្នំពេញ)៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៥០ សហព័ន្ធ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់នូវបញ្ហាប្រឈមនានា ព្រមទាំងជាដៃគូក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលអាចអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាវិវាទការងារ បាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅកន្លែងធ្វើការងារ។ 

 

នៅក្នុងជំនួបសំណេះសំណាលនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្តាប់នូវសំណូមពរបងប្អូនសហជីព និងបានជំរុញលើកទឹកឱ្យសហព័ន្ធសហជីពត្រូវបន្តពង្រឹងសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា សំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម សុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវ: ហើយត្រូវបន្តឱ្យមានតម្លាភាពជាមួយបងប្អូនកម្មករនិយោជិតដែលជាសមាជិក ជួយការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់ និងជួយដោះស្រាយការលំបាករបស់សមាជិក។ 

 

ទន្ទឹមនឹងនេះ ត្រូវបន្តចលនានៅតាមរោងចក្រ សហគ្រាស ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលនៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ លើកទី១៣៩ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រគល់ពានជូនដល់ម្ចាស់រោងចក្រ សហគ្រាសណាដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង ៨។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ បងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ត្រូវរៀបចំឱ្យមានកម្មវិធីសប្បាយៗដល់កម្មករនិយោជិត ជាពិសេសត្រូវធ្វើការសម្របសម្រួលធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនកម្មករធ្វើដំណើរទៅលេងស្រុកកំណើតប្រកបដោយសុវត្ថិភាព និងមានភាពសប្បាយរីករាយ រហូតដល់ពេលធ្វើដំណើរត្រលប់មកធ្វើការវិញ។ 

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ប្រធានសហព័ន្ធសហជីព បន្តជំរុញសហជីពមូលដ្ឋានរបស់ខ្លួនឱ្យរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស., លក្ខខណ្ឌការងារ, សុវត្ថិភាពការងារ, បញ្ហាវិវាទ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ដោយត្រូវរាយការណ៍ភ្លាមៗមកក្រសួង ដើម្បីអាចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត ក្នុងករណីកើតមានបាតុភាពផ្សេងៗ ឬបញ្ហាសុវត្ថិភាពការងារ ឬមានការសង្ស័យថាមានភាពមិនប្រក្រតីណាមួយ៕

 

#MLVT #HENGSour