Print this page

ប្រតិភូសាធារណរដ្ឋកូរ៉េពិភាក្សាការងារលើវឌ្ឍនភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

 អង្គារ, 02 ឧសភា 2023 16:50  |  3020 times

(ភ្នំពេញ)៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក CHOI SANGYUL អគ្គនាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារលើវឌ្ឍនភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា រវាងក្រសួងការងារនិងបណ្តាលវិជ្ជាជីវៈ និង KOSHA ចាប់ពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៣។

នៅថ្ងៃទី២ ខែឧសភានេះ ប្រតិភូកូរ៉េខាងលើបានជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួបពិភាក្សាការងារជាមួយតំណាងនាយកដ្ឋានពេទ្យការងារ ព្រមទាំងទស្សន:កិច្ចសិក្សានៅអតីតអគារបេឡាជាតិរបបសន្តិសុខសង្គមផងដែរ។

 

គោលបំណងទី១ នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងយល់ដឹងអំពីរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីជ្រើសរើសសម្ភារ បរិក្ខា និងឧបករណ៍សម្រាប់បម្រើក្នុងការបណ្តុះបណ្តាលឱ្យបានសមស្របទៅនឹងបរិបទនៃឧស្សាហកម្មនៅកម្ពុជា សម្រាប់វិទ្យាស្ថាន OSHTI។ ត្រង់ចំណុចនេះ គេបានវាយតម្លៃថា ផ្អែកលើបច្ចុប្បន្នភាពនៃឧស្សាហកម្ម ផលិតកម្មជាចម្បងដែលភាគច្រើន គឺរោងចក្រកាត់ដេរ ផលិត ស្បែកជើង និងរោងចក្រដំឡើងរថយន្ត ដែលត្រូវបានគ្រោងទុក។ មួយវិញទៀត ប្រសិនបើនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតម្រូវការក្នុងការផ្លាស់ប្ដូរសម្ភារ បរិក្ខា និងឧបករណ៍ចាំបាច់ណាមួយនោះ KOSHA នឹងផ្ដល់ត្រឡប់មកវិញនូវសម្ភារ បរិក្ខា និងឧបករណ៍ដែលមានក្នុងគម្រោងអភិវឌ្ឍផ្លូវការ (ODA)របស់រដ្ឋាភិបាលនៃសាធារណ:រដ្ឋកូរ៉េ។

 

គោលបំណងទី២ គឺការកែលម្អ និងជួសជុលអគារ ប.ស.ស ចាស់ ពីអគារការិយាល័យ ដើម្បីបម្រើការងារបណ្តុះបណ្តាលសម្រាប់វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។ ក្នុងនាមជាអ្នកអនុវត្តគម្រោង និងមានបទពិសោធន៍ វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ត្រូវរៀបចំបណ្តាញចរន្តអគ្គិសនី និងទីតាំងដែលអាចផ្ទុកសម្ភារ បរិក្ខា និងឧបករណ៍ធ្ងន់ៗសម្រាប់រចនាសម្ព័ន្ធរបស់វិទ្យាស្ថាន។

ចំពោះគោលបំណងទី៣ គឺការគ្រប់គ្រងធនធានមនុស្ស មុនពេលបញ្ចប់ការកែលម្អ និងជួសជុលអគារវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។ ការរៀបចំផែនការជ្រើសរើសសាស្រ្តាចារ្យ ប្រតិបត្តិការវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ការបណ្ដុះបណ្ដាលបុគ្គលិក ការអភិវឌ្ឍនូវកម្មវិធីសិក្សាមុន យ៉ាងហោចណាស់នៅពាក់កណ្ដាលឆ្នាំ២០២៤។

 

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ក្នុងការអនុវត្តនូវគម្រោងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Act) ដែលចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ និងគម្រោងរៀបចំវិទ្យាស្ថានបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Training Center) ដែលអនុវត្តនៅក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕