Print this page

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី ​អនុញ្ញាត្ត​ឱ្យ​លោក Scott Price អនុ​ប្រធាន​ប្រតិ​បត្តិ និង​ជា​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន វ៉ល​ម៉ាត​អន្តរ​ជាតិ ចូល​ជួប​សំដែងការ​គួរ​សម និង​ពិភាក្សា​ការងារ

 អង្គារ, 07 វិច្ឆិកា 2017 15:22  |    Written by MLVT  |  3391 times

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត្តឱ្យលោក Scott Price អនុប្រធានប្រតិបត្តិ និងជាប្រធានរដ្ឋបាលនៃក្រុមហ៊ុន វ៉លម៉ាតអន្តរជាតិ ដឹកនាំគណៈប្រិតិភូ ចូលជួបសំដែង ការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន វ៉លម៉ាត់ ក្នុងការ ចូលមកបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា។ នៅក្នុងជំនួបនេះគណៈប្រតិភូក្រុមហ៊ុន វ៉លម៉ាត ចង់ស្វែងយល់ឱ្យកាន់តែច្បាស់ពាក់ព័ន្ធ ទៅនឹងច្បាប់ និងបទដ្ឋាននានារបស់កម្ពុជាក្នុងការគ្រប់ គ្រងទៅលើកម្លាំងពលកម្ម ច្បាប់ស្តីពីការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសការងារនៅកម្ពុជា។ ក្រោយពីបានទទួលបាននូវអនុសាសន៍ និងការចែករំលែកព័ត៌មានពាក់ព័ន្ធ នឹងគោលនយោបាយបើកទូលាយក្នុងការប្រកបអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសកិច្ចសម្រួលពាណិជ្ជកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តប្រកបដោយជោគជ័យទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាទទួលបានការរីកចំរើនគួរឱ្យកត់សំគាល់ កំណើនសេដ្ឋកិច្ចបន្តរក្សាកំណើនបានជាមធ្យម ៧ភាគរយ។ តាមរយៈយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ រួមទាំងការអនុវត្តប្រកបដោយផ្លែផ្កានូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព លក្ខខណ្ឌការងារជូនបងប្អូនកម្មករនិយោជិតកាន់តែល្អប្រសើរ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា, មានសុវត្ថិភាព និងសន្តិសុខការងារល្អ, មានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងថែទាំសុខភាព, មានកន្លែងទទួលទានអាហារ មានកន្លែងស្នាក់នៅ មានមធ្យោបាយធ្វើដំណើរ។ ការទំនាក់ទំនងរវាងកម្មករនិយោជិត ជាមួយម្ចាស់រោងចក្រ មានភាពជិតស្និតល្អ ប្រកបដោយការយោគយល់គ្នា បង្កើតនូវបរិយាកាសសុខដុមរមនា។ លទ្ធផលទាំងនេះ ក៏ជាការចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបានបង្កើនឱកាសវិនិយោគ បង្កើនការងារសមរម្យ ជំរុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។ ក្រុមហ៊ុន វ៉លម៉ាត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគំាពារដល់វិស័យឯកជន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយដ៏ល្អដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសក្នុងបន្តធានានូវលកខណ្ឌការងារល្អប្រសើរ ដែលជាប្រភពទំនិញស្អាតស្អំ គ្មានការកេងប្រវញ្ចកម្លាំងពលកម្មពីកម្មកនិយោជិត ហើយកម្មករនិយោជិតទទួលបាននូវប្រាក់ឈ្នួលអប្បបរិមាល្អប្រសើរ។ ទាំងនេះជាកត្តាដ៏ចំបង សម្រាប់ក្រុមហ៊ុនវ៉លម៉ាត រក្សានូវស្តង់ដារបស់ខ្លួន។ លោកជឿជាក់ ថាអតិថិជនរបស់ វ៉លម៉ាត នឹងពេញចិត្តនូវប្រភពទំនិញដែល វ៉លម៉ាតបញ្ជាទិញ ពីកម្ពុជាសម្រាប់ចែកចាយ តាមហាង នានានៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសនានាទូទាំងពិភពលោក។ លោក Scott Price ក៏បានសំដែងនូវចំណាប់អារម្មយ៉ាង ខ្លាំងចំពោះសក្តានុពលកម្ពុជា និងស្ថានភាពវិវត្តន៍រីកចំរើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនធ្វើការពិចារណាក្នុងការបណ្តាក់ទុននៅកម្ពុជា។ ក្រុមហ៊ុននឹងបន្តបង្កើនការបញ្ជាទិញទំនិញផលិតផលសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា រួមទាំងទំនិញសម្ភារៈធ្វើដំណើរដែលកម្ពុជាទើបតែទទួលបាន ភាពអនុគ្រោះពាណិជ្ជកម្មពីសហរដ្ឋអាមេរិកផងដែរ។ សូមបញ្ជាក់ថាក្រុមហ៊ុន វ៉លម៉ាត ជាក្រុមហ៊ុនអាមេរិកដ៏ធំដែលមានទីស្នាក់ការធំនៅ ទីក្រុង Bentonville រដ្ឋ Arkansas វិនិយោគទៅលើផ្សារទំនើបឈ្មោះថា វ៉លម៉ាត ហើយបច្ចុប្បន្នមាន ហាងលក់ទំនិញយីហោ Walmart ជាង ៦ ២០០ ហាងនៅសហរដ្ឋអាមេរិក និងជាង៨៥០,០០០ ហាងទៀតនៅក្នុង២៧ប្រទេស។ ក្រុមហ៊ុន វ៉លម៉ាត ជាក្រុមហ៊ុន ដែលមានចំណូលធំជាងគេក្នុងពិភពលោក ប្រហែល ៤៨០ ពាន់លានដុលារអាមេរិក ហើយក៏ជាក្រុមហ៊ុនដែលមានកម្មករនិយោជិតច្រើនជាងគេនៅលើពិភពលោកផងដែរ ប្រមាណ ២,៣ លាននាក់។