Print this page

កិច្ចប្រជុំលើកទីមួយរបស់គណៈប្រឹក្សាភិបាលនៃកម្មវិធី រួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជននៅកម្ពុជា»

 អង្គារ, 17 តុលា 2017 17:31  |    Written by MLVT  |  3250 times

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំលើកទីមួយរបស់គណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជននៅកម្ពុជា ” ជាមួយសហប្រធានជាមួយលោកជំទាវ Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួង។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី ឧទ្ទេសនាមរបស់សមាជិក-សមាជិកាគណៈប្រឹក្សាភិបាល ជាមួយនេះរបៀបវារៈចំនួនបីដែល ត្រូវបានលើមកពិភាក្សា និងធ្វើការអនុម័តរួមមាន ការពិនិត្យ និងអនុម័តលើលក្ខខណ្ឌប្រតិបត្តិរបស់គណៈប្រឹក្សាភិបាល និងក្រុមប្រឹក្សាយោបល់ ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ របស់កម្មវិធីសម្រាប់ឆ្នាំទី១។ គណៈប្រឹក្សាភិបាលរបស់កម្មវិធី “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា” ដែលបន្ទាប់តទៅហៅថា “កម្មវិធីរួមគ្នា” គឺជាក្រុមប្រឹក្សាភិបាលនៃគម្រោងនេះ និងផ្តល់ការដឹកនាំជាយុទ្ធសាស្ត្រ ការត្រួតពិនិត្យផ្នែកអភិបាលកិច្ច និងការធានានូវ សេចក្តីជឿទុកចិត្ត។

គណៈប្រឹក្សាភិបាលនឹងទទួលបានសិទ្ធិប្រទានពីម្ចាស់ជំនួយដើម្បីធ្វើការសម្រេចចិត្តនានា ដោយយោងតាមគោលបំណង អភិក្រម និងវិសាលភាពរបស់គម្រោង ដូចដែលបានកំណត់នៅក្នុងឯកសារគម្រោង។ សមាជិក-សមាជិកាគណៈប្រឹក្សាភិបាលរួមមានតំណាងជាន់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការសហប្រជាជាតិផ្នែកអប់រំ វិទ្យាសាស្រ្ត និងវប្បធ៌ម (UNESCO) មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) និងកម្មវិធីស្ម័គ្រចិត្តសហប្រជាជាតិ (UNV) ព្រមទាំងក្រុមប្រឹក្សាយោបល់យុវជនរបស់អង្គការសហប្រជាជាតិ (UNYAP)។

សូមបញ្ជាក់ថា កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជានេះ និងកាន់តែជម្រុញដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនៃគោលនយោបាយជាតិធំៗរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ដែលកម្មវិធីរួម គ្នានេះ ចាប់ផ្តើមរយៈពេល២ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ គឺដើម្បីអភិវឌ្ឍន៏ យុវជន និងស្រ្តីវ័យក្មេងកាន់តែច្រើនឡើងទទួលបានឧិកាសការងារសមរម្យ និងមានផលិតភាព ហើយអ្វីដែលជាការរំពឹងទុកក្នុងការសម្រេចឱ្យបានគឺ ទី១: យុវជន និងស្រ្តីវ័យក្មេងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងការស្ម័គ្រចិត្តដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវ: និងបច្ចេកទេស។ទី២: យុវជន និងស្រ្តីវ័យក្មេងទាំងក្នុង និងក្រៅសាលាបានទទួលជំនាញអាជីវកម្ម និងសហគ្រាសគ្រប់គ្រាន់ដើម្បីអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។ ទី៣: យុវជន និងស្រ្តីវ័យក្មេងបានទទួលអត្ថប្រយោជន៏ពីហានិភ័យនៃការរំលោភបំពាន និងការរើសអើងនៅកន្លែងការងារ៕