Print this page

លោក KENSUKE TSUZUKI អនុប្រធានជាន់ខ្ពស់អង្គការសហប្រតិបត្តិការខាងការបណ្តុះបណ្តាលអន្តរជាតិជប៉ុន(JITCO) ជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ព្រហស្បតិ៍, 15 មិថុនា 2017 09:31  |    Written by MLVT  |  2968 times

នាល្ងាចថ្ងៃទី ១៤ខែ មិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក KENSUKE TSUZUKI អនុប្រធានជាន់ខ្ពស់អង្គការសហប្រតិបត្តិការខាងការបណ្តុះបណ្តាលអន្តរជាតិជប៉ុន(JITCO) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ លោក KENSUKE TSUZUKI ជាពិសេសអរគុណចំពោះ JITCO ដែលបានជួយសហការ និងធ្វើការប្រកបដោយប្រសិទ្ធភាព ព្រមទាំងជាដៃគូរដ៏ល្អចាប់តាំងពីឆ្នាំ ២០០៧មក ហើយមកដល់បច្ចុប្បន្ននេះ យើងមានកម្មសិក្សាការី ទៅបម្រើការនៅប្រទេសជប៉ុន ប្រមាណជិត ៤០០០នាក់។ ថ្លែងនៅក្នុងឱកាសនោះ លោក KENSUKE TSUZUKI អនុប្រធានជាន់ខ្ពស់ នៃអង្គការសហប្រតិបត្តិការខាងការបណ្តុះបណ្តាលអន្តរជាតិជប៉ុន JITCO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិតដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក KENSUKE TSUZUKI ក៏បានលើកឡើងពីការកែប្រែមួយចំនួនទាក់ទងនឹងការបញ្ជូនកម្មសិក្សាការី ទៅប្រទេសជប៉ុនពោលគឺ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើកម្មសិក្សាបច្ចេកទេស កាលពីថ្ងៃទី ២៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ហើយច្បាប់នេះនឹងត្រូវបានចូលជាធរមាននៅថ្ងៃទី ០១វិឆ្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ លោកបន្តថា ជប៉ុនបានជួបជាមួយសហជីពរបស់ខ្លួនចំនួន១៣ដង នៅ៨កន្លែងរួចមកហើយ ដើម្បីធ្វើការផ្សព្វផ្សាយពន្យល់ពីខ្លឹមសារនៃច្បាប់ថ្មីនេះ ហើយភាគីជប៉ុននឹងបន្តធ្វើការពន្យល់ដល់រដ្ឋជាដៃគូរទាំង១៥ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរដើម្បីធ្វើការស្វែងយល់ នឹងរៀបចំកិច្ចព្រមព្រៀងជាមួយគ្នា ។ លោក KENSUKE TSUZUKI បានគូសបញ្ជាក់ផងដែរថា ដោយសារច្បាប់ថ្មីត្រូវបានបង្កើតឡើង ដូចនេះយើងត្រូវមានការរៀបចំឱ្យមានអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ (MOU) ថ្មីរវាងប្រទេសជាដៃគូ ហេតុនេះហើយលោកសង្ឃឹមថាមុនខែ វិឆ្ឆិកា ឆ្នាំ២០១៧នេះ ប្រទេសជប៉ុននឹងអាចចុះអនុស្សារណៈរួចរាល់ជាមួយប្រទេសជាដៃគូរទាំង១៥។ ឆ្លៀតក្នុងឱកាសនោះលោក KENSUKE TSUZUKI បានស្នើសុំឱ្យភាគីកម្ពុជាជួយសហការ សម្របសម្រួលដល់កិច្ចការងារនេះក្នុងពេលឆាប់ៗ ហើយលោកក៏បានធ្វើការអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូរបស់ក្រសួងការងារកម្ពុជាទៅធ្វើទស្សនៈកិច្ចនៅប្រទេសជប៉ុនផងដែរ។ តបទៅលោក KENSUKE TSUZUKI ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការពេញចិត្តខ្លាំងចំពោះកំណែទំរង់ថ្មីទៅលើច្បាប់ទទួលយកកម្មសិក្សាការីនេះ ដែលច្បាប់នេះបានបង្កភាពងាយស្រួល ភាពជាផ្លូវការ និងភាពស្របច្បាប់ ដល់កម្មសិក្សាការី ជាពិសេសឯកឧត្តមបានថ្លែងអំណរគុណ ដល់ភាគីជប៉ុនដែលបាន កាត់បន្ថយនីតិវិធី និងល័ក្ខខណ្ឌមួយចំនួនដែលបង្កភាពកាន់តែងាយស្រួលដល់កម្ពុជាក្នុងការបញ្ជូនកម្មសិក្សាការីទៅប្រទេសជប៉ុន ជាក់ស្តែង អោយតែពួកគាត់ទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានណាមួយរបស់កម្ពុជា ពួកគេនឹងត្រូវបានទទួលស្គាល់អោយទៅបម្រើការនៅប្រទេសជប៉ុន ជាងនេះទៅទៀតពួកគេមិនតម្រូវឱ្យមានបទពិសោធន៍ការងារលើវិស័យដែលពួកគេនឹងត្រូវធ្វើនៅប្រទេសជប៉ុនឡើយ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានបង្ហើបប្រាប់លោក KENSUKE TSUZUKI ថា ឯកឧត្តមមានគម្រោងធ្វើទស្សនកិច្ចទៅជប៉ុននៅក្នុងខែកក្កដានេះដើម្បីធ្វើការចុះអនុស្សារណៈនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ច្បាប់ថ្មីនេះមានភាពល្អប្រសើរជាងមុន ដោយសារ កម្មសិក្សាការី អាចធ្វើកិច្ចសន្យាការងាររយៈពេល៣ឆ្នាំដំបូង និងមានលទ្ធភាពបន្តកិច្ចសន្យារយៈពេល២ឆ្នាំបន្ត បាន២លើកបន្ថែមទៀត ហើយលក្ខ័ខណ្ឌក៏មានការបន្ធូរបន្ថយច្រើនជាងមុន។ ជាចុងក្រោយ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថាលោកប្រធាន KENSUKE TSUZUKI និងបន្តកិច្ចសហប្រតិបត្តការជាដៃគូរ និងបើកឱកាសការងារ ការបណ្តុះបណ្តាលដល់កម្ពុជាឱ្យកាន់តែច្រើនឡើយ ហើយឯកឧត្តមមានសុឆ្ឆន្ទៈថា ជប៉ុននឹងបង្កើតប្រព័ន្ធទិដ្ឋិការការងារ EPS ដល់កម្ពុជា ដើម្បីកាន់តែបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករកម្ពុជាក្នុងការទៅបម្រើការងារ ដូចអ្វីដែលកម្ពុជាមានជាមួយប្រទេសកូរ៉េផងដែរ។