Print this page

វេទិកាអន្តរតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្ម និងការទទួលបានការងារធ្វើ និងការរីកចំរើនប្រកបដោយបរិយាប័ន្ន

 អង្គារ, 30 ឧសភា 2017 15:37  |    Written by MLVT  |  3665 times

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអន្តរតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្ម និងការទទួលបានការងារធ្វើ និងការរីកចំរើនប្រកបដោយបរិយាប័ន្ន។ ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិតបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ជាពិសេសចំពោះអង្គការ ILO, SIDA និង KOICA ដែលបានផ្តួចផ្តើមគំនិតរៀបចំឱ្យមានវេទិការដ៏មានសារៈសំខាន់នេះឡើង ដោយផ្តោតយកចិត្តទុកដាក់ជាពិសេសលើប្រធានបទស្តីពីបញ្ហាប្រឈម ការអភិវឌ្ឍជំនាញនិងផ្លាស់ប្តូរជំនាញ និងផលប៉ះពាល់នៃការអភិវឌ្ឍជំនាញសម្រាប់ពាណិជ្ជកម្ម, ការទទួលបានការងារធ្វើ និងការរីកចំរើនប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្ហាញពីសកម្មភាព និងទស្សនៈវិស័យនៃការអនុវត្តល្អក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញសម្រាប់ពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាព និងការប្រកួតប្រជែង ក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងមានការប្រកួតប្រជែងគួរឱ្យកត់សំគាល់។ ឯកឧត្តមបណ្ឌិតបានបន្តថា ពាណិជ្ជកម្មពិតជាមានសារ:សំខាន់សម្រាប់កម្ពុជា ជាពិសេសក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនយើងកាន់តែប្រសើរឡើង។ ហើយកន្លងមកក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នប្រទេសកម្ពុជា ទទួលបានការរីកចំរើនជាលំដាប់ដែលមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧ភាគរយ។ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងឈានដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មីមួយទៀត ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូរជារចនាសម្ព័ន្ធ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានខិតខំធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំប្រកបដោយបរិយាប័ន្ន និងចីរភាព ដែលជាមូលដ្ឋានសម្រាប់ការបង្កើតការងារ និងឱកាសរកប្រាក់ចំណូលសមរម្យ ព្រមទាំងការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងផលិតភាពខ្ពស់ ជូនពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។ គោលនយោបាយនេះមានគោលបំណងក្រោមសរសរស្តម្ភចំនួនបីសំខាន់ៗ គឺ (១)ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២)ការជម្រុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស និង (៣)ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ គោលនយោបាយនេះ មិនត្រឹមតែជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍវិស័យមុខរបរ និងការងារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្របខណ្ឌរួមមួយសម្រាប់ស្ថាប័នពាក់ព័ន្ធនានាធ្វើសកម្មភាព ដោយមានការសម្របសម្រួលទៅតាមគោលដៅរួម និងមានការទទួលខុសត្រូវច្បាស់លាស់។ ជាពិសេសគោលនយោបាយនេះ ក៏នឹងចូលរួមចំណែកអនុវត្តគោលដៅអាទិភាពទី៣ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ឆ្នាំ២០១៨ គឺការពង្រឹងនិងបន្តអភិឌ្ឍន៍យន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្ម, លើកកម្ពស់ផលិតភាពនិងកែលម្អកម្រឹតជីវភាពរបស់ពលករ តាមរយៈការជំរុញការអភិវឌ្ឍកម្មវិធី បណ្តុះបណ្តាលជំនាញ ការពង្រឹងយន្តការកំណត់ប្រាក់បៀវត្សអប្បបរមា និងការពង្រឹងសុខដុមនីកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍ឥរិយាបថវិជ្ជមានរបស់សហជីព និងព្រហ្មវិហារធម៌របស់និយោជកចំពោះនិយោជិតតាមរយៈយន្តការមានស្រាប់បច្ចុប្បន្ន រួមជាអាទិ៍ គណៈកម្មាធិការប្រឹក្សាការងារ និងគណៈកម្មាធិការផលិតភាពកម្ពុជា។ ជាងនេះទៅទៀត នៅក្នុងក្របខណ្ឌអាស៊ានក្រោមការយកចិត្តទុកដាក់លើលំហូកម្លាំងពលកម្មជំនាញដោយសេរី រដ្ឋភាគីបានបង្កើតឱ្យមានកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangement-MRA) ដោយផ្តោតសំខាន់លើជំនាញចំនួន០៨ គឺ វិស្វកម្ម ស្ថាបត្យកម្ម វាស់ស្ទង់ គិលានុបដ្ឋាករ វិជ្ជសាស្ត្រ ទន្តពេទ្យ គណនេយ្យករ និងទេសចរណ៍។ ការបំលាស់ទីក្នុងជំនាញនីមួយៗ ត្រូវឆ្លងកាត់ប្រព័ន្ធចុះបញ្ជីអ្នកជំនាញអាស៊ាន(ASEAN Registration System) និងគោរពទៅតាមបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌនានារបស់ប្រទេសម្ចាស់ផ្ទះ (Host Country) ដែលជ្រើសរើសអ្នកជំនាញ។ អ្នកជំនាញត្រូវឆ្លងកាត់ការ បណ្តុះបណ្តាល និងវាយតម្លៃផ្អែកលើសមត្ថភាព ស្របតាមស្តង់ដាសមត្ថភាពរួមរបស់អាស៊ាន(ASEAN Common Competency Standard) ដែលឆ្លើយតបទៅនឹងកម្រិតគុណវុឌ្ឍិជាក់លាក់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangement-MRA)។ ជាចុងក្រោយឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណជាពិសេសចំពោះកម្មវិធី STED នៃអង្គការ ILO ដែលកំពុងអនុវត្តដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើងក្នុង ក្រសួងឯទៀត និងជាមួយដៃគូសង្គមកម្ពុជា ស្តីពីពាណិជ្ជកម្ម និងជំនាញលើការកែច្នៃម្ហូបអាហារ និងវិស័យឧស្សាហកម្មធុនស្រាល។ វិស័យទាំងនេះមានសក្តានុពល យ៉ាងធំធេងដើម្បីទ្រទ្រង់កំណើនឥតឈប់ឈរនៃសេដ្ឋកិច្ចកម្ពុជា។