Print this page

ពិធីប្រកាសផ្សព្វផ្សាយគម្រោងលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា

 ពុធ, 26 មេសា 2017 18:52  |    Written by MLVT  |  3177 times

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយគម្រោងលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីដែលពាក់ព័ន្ធរួមមានមន្ត្រីជំនាញ ព្រមទាំងដៃគូរអន្តរជាតិទាំងអស់ ជាពិសេស រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការអន្តរជាតិខាងការងារជប៉ុន ដែលតែងតែបន្តជួយឧបត្ថម្ភគាំទ្រដល់ដំណើរការ នៃការពង្រឹងផ្នែកសុខភាព និងសុវត្ថិភាពការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា យើងបានអនុវត្តប្រកបដោយជោគជ័យជាផ្លែផ្ការួចមកហើយនូវ គម្រោងលើកទី១ “គម្រោងពហុវិស័យ ស្តីពីសុខភាព និងសុវត្ថិភាពការងារ” ដែលក្នុងនោះ រួមមាន ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងការបង្កើតផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ការបង្កើតគោលការណ៍ណែនាំ ស្តីពីសុខភាព និងសុវត្ថិភាពការងារនានា និងកម្មវិធីបណ្តុះបណ្តាល ស្តីពីការកែលម្អលក្ខខណ្ឌការងារ សម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ សំដៅលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ និងលក្ខខណ្ឌសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងជម្រុញកាអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាយ៉ាងសកម្ម ធ្វើយ៉ាងណាពង្រឹងការអនុវត្តគោលនយោបាយ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ការពង្រឹងប្រព័ន្ធអធិការកិច្ចការងារទៅដល់វិស័យច្រើនទៀតរួមទាំងវិស័យសេវាកម្សាន្ត សំណង់ និងរ៉ែផងដែរ ព្រមទាំងពង្រឹងយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាមួយអង្គការដៃគូ ស្ថាប័ននានា និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់ហានិភ័យ និងគ្រោះថ្នាក់ការងារនៅតាមសហគ្រាសគ្រឹះស្ថាន នានា។ ឯកឧត្តមបណ្ឌិត សង្ឃឹមជឿជាក់យ៉ាងមុតមាំថាគម្រោងលើកទី២ នឹងទទួលបានលទ្ធផលជាផ្លែផ្កាដូចគម្រោងទី១ដែរ ដើម្បីកែលម្អ និងកសាងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយស្តីពីសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ ព្រមទាំងការជម្រុញ ការចុះអធិការកិច្ចផ្នែកសំណង់ និងការលើកកម្ពស់ការយល់ដឹង ស្តីពីសុវត្ថិភាពសំណង់ ជាពិសេសការសិក្សាស្រាវជ្រាវ ស្តីពីការប្រើប្រាស់សារធាតុគីមី ការអភិវឌ្ឍគ្រឿងឧបទ្ទេសបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពសារធាតុគីមី និងសារធាតុអាបេស្តូស។ ជាងនេះទៅទៀត ការណែនាំ ស្តីពីកម្មវិធីបណ្តុះបណ្តាល ស្តីពីសុខភាព និងសុវត្ថិភាពដល់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រីកការគាំពារសង្គម និងសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិតសំណង់តាមលទ្ធផលរំពឹងទុករបស់គម្រោង និងស្នើឱ្យភាគីពាក់ព័ន្ធគម្រោង ត្រូវសម្របសម្រួល និងអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។