Print this page

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអញ្ជើញជាអធិបតី និងសាក្សី ជាមួយ ឯកឧត្តម Gregory So Kam-Leung រដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង

 ច័ន្ទ, 24 មេសា 2017 16:16  |    Written by MLVT  |  2997 times

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នេះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី និងសាក្សី ជាមួយ ឯកឧត្តម Gregory So Kam-Leung រដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង ក្នុងពិធីចុះហត្ថលេខារវាងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមហុងកុងដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា។ ថ្លែងក្នុងពិធីនេះដែរ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការនេះ ដែលនេះជាផ្នែកមួយនៃគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ វិថីមួយ” របស់ចិន ហើយបានសង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងបើកច្រកដល់កិច្ចសហប្រតិបត្តិលើវិស័យជាច្រើនទៀត ដើម្បីពង្រឹង និងពង្រីកនូវវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។ អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដូចជា៖

១. ចូលរួមសហការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅទីក្រុងហុងកុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។

២. ចូលរួមសហការគ្រប់គ្រងសហគ្រាសដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ដើម្បីការពារប្រយោជន៍ពលករទេសន្តរកម្ពុជា។

៣. ចូលរួមសហការប្រមូលគំនិតយោបល់ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយមុខរបរសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។

៤. ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឱ្យអនុវត្តស្របតាមច្បាប់ និងបទបញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខខណ្ឌការងារល្អសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។

៥. ចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុងដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យពលករទេសន្តរប្រវេសន៍កម្ពុជា។