Print this page

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងគណៈប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពនៃតំបន់រដ្ឋបាលពិសេសហុងកុង

 ច័ន្ទ, 24 មេសា 2017 13:23  |    Written by MLVT  |  3059 times

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពនៃតំបន់រដ្ឋបាលពិសេសហុងកុង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៅការិយាល័យ រដ្ឋបាលហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះភាគីហុងកុង បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែលមានទាំងក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្នាក់ងារជ្រើសរើសពលករធ្វើការនៅក្រៅប្រទេស មកបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលហុងកុង ដើម្បីពិភាក្សាក្នុងការបង្កើតចំណងមិត្តភាពក្នុងវិស័យការងារ សម្រាប់ប្រទេសយើងទាំងពីរ ស្របតាមចក្ខុវិស័យខ្សែរក្រវ៉ាត់មួយ វិថីមួយរបស់ប្រទេសចិន។ ព្រមជាមួយនោះ ក៏បានធ្វើបទបង្ហាញអំពីនីតិវិធីបញ្ជូន និងទទួលពលករបរទេស ការការពារ ការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់ពលករបរទេស ដែលមកធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណចំពោះរដ្ឋបាលហុងកុង ដែលបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសយើងទាំងពីរ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការស្វែងរក និងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ទទួលបាននូវការងារ ប្រាក់ឈ្នួលខ្ពស់ សិទ្ធិ និងផលប្រយោជន៍ផ្សេងៗសមរម្យ។ ទំនាក់ទំនងនេះជាកិច្ចសហប្រតិបត្តិការឈ្នះៗ មួយសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមកទាំងក្នុងវិស័យការងារ និងទេសចរណ៍ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើកិច្ចការនេះជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះការទំនាក់ទំនងគ្នារវាងប្រជាជននៃប្រទេសយើងទាំងពីរ ក៏មានភាពជិតស្និតផងដែរ។ ឯកឧត្តមក៏បានអរគុណចំពោះការធ្វើបទបង្ហាញរបស់ស្នងការការងារ ដល់ប្រតិភូកម្ពុជាបានយល់ដឹងអំពីនីតិវិធីក្នុងការទទួល និងគ្រប់គ្រងពលករបរទេស។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់នូវសិទ្ធិ និងអត្តប្រយោជន៍ផ្សេងៗសម្រាប់ពលករបរទេស ដូចប្រជាជនហុងកុងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមមានការរីករាយចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់ទិដ្ឋាការការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអំណោយផលសម្រាប់កម្ពុជា ហើយកម្ពុជាក៏មានការស្វាគមន៍ចំពោះអ្នកវិនិយោគ អ្នកទេសចរណ៍ហុងកុងទៅកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់រដ្ឋបាលហុងកុង រៀបចំឱ្យមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ដើម្បីធ្វើជាសេនាធិការក្នុងការអនុវត្តគម្រោងបឋមក្នុងការជ្រើសរើស ការគ្រប់គ្រងការបណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អ មានជំនាញត្រឹមត្រូវ ហើយនិយោជកអាចទទួលយកបាន ដែលនេះជាសារមួយសម្រាប់និយោជកហុងកុង និងពលករកម្ពុជា។ ជាមួយនេះ ឯកឧត្តមក៏បានអញ្ជើញឯកឧត្តម Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពនៃតំបន់រដ្ឋបាលពិសេសហុងកុង និងសហការីទៅទស្សនកិច្ចនៅកម្ពុជាផងដែរ។