Print this page

ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ

 សុក្រ, 24 មីនា 2017 12:14  |    Written by MLVT  |  3795 times

នាថ្ងៃ៧ទី២៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ នៅទីស្តីការក្រសួង ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបន្តពន្យល់បន្ថែមពីដំណើរការនៃការចុះបញ្ជីសហជីព និងសមាគមនិយោជក ជាពិសេសឆ្លើយតបនូវបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ក៏ដូចជាទទួលបានចំណេះដឹងបន្ថែម និងចូលរួមផ្លាស់ប្តូរមតិយោបល់ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសូងក៏បានចេញប្រកាសចំនួន០៤ ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព និងសមាគមនិយោជក ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាការណែនាំដល់មន្ត្រីនៃអង្គភាពទទួលបន្ទុកចុះបញ្ជីទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកបណ្តាសហជីពនិងសមាគមនិយោជកទាំងអស់ជាដៃគូសង្គម ហើយអង្គការវិជ្ជាជីវៈទាំងនេះក៏បានចូលរួមចំណែកក្នុងការការពារសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងអភិវឌ្ឍសង្គមជាតិ។ ដោយសារកំណើនឆាប់រហ័សនៃចំនួនចុះបញ្ជីរបស់អង្គការវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្រូវជាចាំបាច់ឱ្យមានបទប្បញ្ញត្តិ និងវិធាននៃការចុះបញ្ជីឱ្យកាន់តែច្បាស់លាស់ ដើម្បីធានាបាននូវការចុះបញ្ជីប្រកបដោយភាពត្រឹមត្រូវ និងការគ្រប់គ្រងទិន្នន័យអង្គការវិជ្ជាជីវៈមួយដែលមានសុក្រឹតភាព។ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហជីពនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាស្ថាប័នទទួលបន្ទុកការអនុវត្តច្បាប់នេះ។