Print this page

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)

 អង្គារ, 31 មករា 2017 09:39  |    Written by MLVT  |  4150 times

នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៅភោជនីយដ្ឋានទន្លេបាសាក់២ ។ ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល មន្រ្តីរាជការ បុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងគ្រប់សកម្មភាព និងស្មារតីធ្វើឱ្យអង្គភាពមួយនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈរហូតមកដល់ពេលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បើគ្មានការខិតខំប្រឹងប្រែង ក៏យើងមិនបានទទួលការកោតសរសើរពីសំណាក់អន្តរជាតិនៃប្រទេសជាដៃគូអភិវឌ្ឍន៍នោះឡើយ បើយើងក្រឡេកថយក្រោយបន្តិច យើងនូវតែចាំក្នុងចិត្តពីមោទនភាពដែលសមាគមសន្តិសុខសង្គមអាស៊ានបានផ្តល់វិញ្ញាបនបត្រដល់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនពីរឆ្នាំជាប់ៗគ្នា ដូចជា៖ នៅឆ្នាំ២០១៥ បានទទួលវិញ្ញាបនបត្រស្តីពីការទទួលស្គាល់ជាអង្គភាពឆ្នើមរបស់អាស៊ានខាងវិស័យសន្តិសុខសង្គម លើកិច្ចដំណើរ ការផ្នែកធានារ៉ាប់រងហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនៅឆ្នាំ២០១៦ យើងក៏ទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ពីការខិតខំប្រឹងប្រែងពង្រីកដែនអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពថែមទៀត។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨-២០១៦ បេឡាជាតិរបបសន្តិសុខសង្គមបានពង្រីកវិសាលភាពផ្នែកហានិភ័យការងារបានទូទាំងប្រទេស ដែលមានមន្ត្រី និងបុគ្គលិកបម្រើការងារសរុបចំនួន ៧៩២នាក់, ចុះបញ្ជិកាសហគ្រាស គ្រឹះស្ថានសរុបចំនួន ៨.៧៣១សហគ្រាស មានកម្មករនិយោជិតជាសមាជិកចំនួន ១.១៣៦.២៧១នាក់ ទទួលបានភាគទានជាង ៣៣៨ ពាន់លានរៀល, ចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្តចំនួន ៩៧មូលដ្ឋាន ដោយផ្តល់ការព្យាបាលសមាជិកជាជនរងគ្រោះដោយគ្រោះថ្នាក់ការងារសរុបចំនួន ១៣៨.៣៣៧នាក់ ក្នុងនោះ គ្រោះថ្នាក់នៅកន្លែងការងារសរុបចំនួន ១០០.៧៣៨នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរសរុបចំនួន ៣៧.៥៦០នាក់ និងជំងឺវិជ្ជាជីវៈសរុបចំនួន ៣៩នាក់។

-បានផ្តល់តាវកាលិកហានិភ័យការងារជូនដល់សមាជិកដែលជាជនរងគ្រោះទាំងនោះ ដោយចំណាយទៅលើតាវកាលិកព្យាបាល, តាវកាលិកថែទាំ, តាវកាលិកបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន, តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍, តាវកាលិកឧត្តរជីវី, វិភាជន៍បូជាសព, តាវកាលិកអ្នកចាំថែរក្សា, សេវាបុននីតិសម្បទា បូកនិងចំណាយតាមមូលដ្ឋានសុខាភិបាលសរុបជាង ៥៦ ពាន់លានរៀល។

-បានអនុវត្តសាកល្បងនូវគម្រោងធានារ៉ាប់រងសុខភាព(HIP) របស់អង្គការ GRET ដែលគ្របដណ្តប់លើសេវាព្យាបាលថែទាំវេជ្ជ សាស្ត្រ និងសេវាបញ្ជូនជនរងគ្រោះ ដែលបានបញ្ចប់ត្រឹមបំណាច់ខែ មីនា ឆ្នាំ២០១៦ ប្រកបដោយជោគជ័យ និងភាពជឿរជាក់ទាំងផ្នែកបច្ចេកទេស និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។

-បាននឹងកំពុងអនុវត្តអនុក្រឹត្យលេខ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបានរៀបចំនូវយន្តការជាច្រើនដូចជា៖ ការទូទាត់សេវា, កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាល, ការកំណត់ដំណាក់កាល និងកាលបរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គម, តាវកាលិកថែទាំសុខភាព, ការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទាន, បញ្ជីជំងឺរ៉ាំរ៉ៃនៅក្នុងរបបសន្តិសុខសង្គម, និងការចុះបញ្ជិកាកម្មករនិយោជិតក្នុងបេឡាជាតិរបបសន្តិសុខសង្គម។

-បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ ដោយផ្តោតលើវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលមានសមាជិកប្រមូលផ្តុំច្រើនបានចំនួន ៦០៣សហគ្រាស ស្មើនឹ ង ៦០% និងមានកម្មករនិយោជិតចំនួន ៦០០.៨៣១នាក់ ស្មើនឹង ៧២% និងបានដាក់ឱ្យជាប់ភាគទានចំនួន ៣៤៥ សហគ្រាស ក្នុងនោះសហគ្រាសដែលបានបង់ភាគទានចំនួន ៣១២សហគ្រាស មានកម្មករនិយោជិតចំនួន ២៨២.៧២៧នាក់ ទទួលបានភាគទានសរុបចំនួន ១៦.៧៦៨ លានរៀល។

-បានចុះកិច្ចព្រមព្រៀងមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្តបានចំនួន ៧៨៣មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន ០៣មូលដ្ឋាន មន្ទីរពេទ្យបង្អែកចំនួន ១០០មូលដ្ឋាន និងមណ្ឌលសុខភាពចំនួន ៦៨០មូលដ្ឋាន។ សមាជិកប្រើប្រាស់សេវាបាន គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ១៦.០៦៣នាក់។

-បាននឹងកំពុងជំរុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិតឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះអនាគតនៃកម្លាំងពលកម្មយ៉ាងសកម្មនាពេលបច្ចុប្បន្ន និងម្យ៉ាងទៀតក៏ជាការរួមចំណែកលើកកម្ពស់ផលិតភាពផងដែរ ព្រោះថាតាមរយៈយន្តការនេះ កម្មករនិយោជិត ដែលជាកម្លាំងពលកម្មសកម្មនឹងមានភាពកក់ក្តៅក្នុងចិត្តចំពោះអនាគតរបស់ខ្លួន ទោះបីជាកំពុងធ្វើការក្នុងវិស័យឯកជនក្តី ក៏អាចមានលទ្ធភាពរស់នៅដោយខ្លួន ឯងបាននៅពេលជរាភាព ដោយមិនអាស្រ័យទាំងស្រុងលើការចិញ្ចឹមជីវិតពីកូនចៅនោះឡើយ ដែលចំណុចនេះគឺជាផ្នែកមួយលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ជនចាស់ជរា។ លើសពីនេះ រាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត និងសេចក្តីជឿជាក់ទាំងស្រុង ចំពោះសមិទ្ធផលកន្លងមករបស់បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលការណ៍នេះហើយ ទើបរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចឱ្យបេឡាជាតិរបបសន្តិសុខសង្គម រៀបចំរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលកំណត់ដោយព្រះរាជក្រឹត្យ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដើម្បីឱ្យបេឡាជាតិរបបសន្តិសុខសង្គមជាប្រតិបត្តិករតែមួយគត់ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការនេះ។ ជារួម មិនថាមន្រ្តីសាធារណៈ ឬ កម្មករ និយោជិតនោះឡើយ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នាៗ។