Print this page

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «គោលនយោបាយជាតិ ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥»

 ពុធ, 11 មករា 2017 11:35  |    Written by MLVT  |  3428 times

ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP) អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី "គោលនយោបាយជាតិ ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥" នៅសណ្ឋាគារ អប្សរាអង្គរ ខេត្តសៀមរាប ។ សិក្ខាសាលានេះមានគោលបំណង ៖

១. ផ្សព្វផ្សាយសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ភាគីពាក់ព័ន្ធរួមមាន តំណាងក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

២. ប្រមូលមតិយោបល់បន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗ ។ នាពេលកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំការរៀបចំគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយក្រសួងនិងស្ថាប័នដែលផ្តល់ការ បណ្តុះបណ្តាល ដើម្បីធ្វើឲ្យគុណភាពនៃការបណ្តុះបណ្តាលកាន់តែមានភាពប្រសើរឡើង ព្រមទាំងកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយថ្មីនេះ ចង់ឲ្យវិស័យឧស្សាហកម្ម ស្ថាប័នផ្តល់ការ បណ្តុះបណ្តាល និងសិក្ខាកាមទទួលខុសត្រូវលើចំនុច៤ (គុណភាព ភាពរួមបញ្ចូល ភាពជាដៃគូលើហិរញ្ញប្បទាន ការគ្រប់គ្រង និងការគ្រប់គ្រងនិងអភិបាលកិច្ចស្ថាប័នឬវិទ្យាស្ថាន)។