Print this page

កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងសៀវភៅមគ្គុទេសក៍ស្ដីពី «ការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវនៃរោងចក្រវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពុជា»

 អង្គារ, 06 ធ្នូ 2016 09:40  |    Written by MLVT  |  3332 times

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសៀវភៅមគ្គុទេសក៍ស្តីពី “ការពិនិត្យបញ្ជាក់ភាពត្រឹមត្រូវការនៃការផ្គត់ផ្គង់ទំនិញប្រកបដោយការទទួលខុសត្រូវរបស់វិស័យ វាយនភណ្ឌ កាត់ដេរ និងស្បែកជើង” ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគមន៍អឺរ៉ុប នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។ គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺ៖ • ពិនិត្យពិភាក្សាលើសេចក្តីព្រាងសៀវភៅមគ្គុទេសក៏នេះ • យល់ដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនឧស្សាហកម្ម និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកំពស់ការផ្គត់ផ្គង់ទំនិញប្រកបដោយការទទួលខុសត្រូវនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងទៅតាមគោលការណ៏នៃការពិនិត្យបញ្ជាក់ភាពត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។ • ពិនិត្យចំនុចដែលអាចអនុវត្តបាននៃសៀវភៅនេះនៅក្នុងបរិបទនៃប្រទេសកម្ពុជា។ ដោយមានការឯកភាពពីក្រុមប្រឹក្សាផ្តល់យោបល់ពហុភាគីដែលពាក់ព័ន្ធ អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានតាក់តែងសៀវភៅមគ្គុទេសក៍ ស្តីពី “ការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវនៃការផ្គត់ផ្គង់ទំនិញប្រកបដោយការទទួលខុសត្រូវរបស់វិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើង” ដែលសៀវភៅនេះនឹងបញ្ជាក់ប្រាប់ក្រុមហ៊ុន ទាំងឡាយនៅក្នុងវិស័យនេះឲ្យបានដឹងថា តើការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវមានន័យយ៉ាងដូចម្តេច។ សៀវភៅមគ្គុទេសក៏នេះត្រូវបានតាក់តែងឡើង ដោយយោងទៅលើគោលការណ៏ណែនាំសម្រាប់សហគ្រាសពហុជាតិរបស់អង្គការ OECD ដែលណែនាំសហគ្រាសពហុជាតិនានាឲ្យផ្តោតការយកចិត្តទុកដាក់លើបញ្ហាចំនួន ០៩ចំនុច ដើម្បីឲ្យការធ្វើអាជីវកម្ម របស់ពួកគេត្រូវបានធ្វើឡើងដោយការទទួលខុសត្រូវ មានដូចជា៖

១-ការបង្ហាញព័ត៌មាន

២-សិទ្ធិមនុស្ស

៣-ការងារ និងទំនាក់ទំនងវិជ្ជាជីវ:

៤-បរិស្ថាន

៥-ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការទាមទារសំណូក និងការជំរិតទាប្រាក់

៦-ផលប្រយោជន៏របស់អតិថិជន

៧-វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

៨-ការប្រកួតប្រជែង និង

៩-ពន្ធដារ

គិតមកដល់ពេលនេះ មានប្រទេសចំនួន៤៦ ដែលបានឯកភាពលើសេចក្តីព្រាងសៀវភៅនេះ បើទោះបីជាសៀវភៅនេះមិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ។ ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ធ្លាប់បានចាត់តាំងឲ្យ ឯកឧត្តម សោម ចំណាន ទីប្រឹក្សាអមក្រសួង ទៅចូលរួមកិច្ចប្រជុំតុមូលស្តីពីសេចក្តីព្រាងសៀវភៅមគ្គុទេសក៏នេះ កាលពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៥ នៅទីស្នាក់ការអង្គការ OECD នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅដើមឆ្នាំ២០១៧ ខាងមុខនេះ អង្គការ OECD នឹងរៀបចំកិច្ចប្រជុំតុមូលម្តងទៀត នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានអញ្ជើញចូលរួម ដើម្បីចែករំលែកលទ្ធផលនៃកិច្ចពិភាក្សានាថ្ងៃនោះដែរ ៕